លើកកំពស់សមត្ថភាពផលិតវ៉ាក់សាំងនៅវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំវៀតណាម សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយសុខាភិបាល (ក្រសួងសុខាភិបាលវៀតណាម) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវវ៉ាក់សាំង និងចូលរួមកម្មវិធីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង (mRNA) របស់វៀតណាម។
សិក្ខាសាលានេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃគម្រោង “គាំទ្រការទទួលវ៉ាក់សាំង និងសមត្ថភាពប្រព័ន្ធសុខាភិបាលសម្រាប់វៀតណាមឆ្លើយតបទៅនឹង Covid-19” ដែលជួយឧបត្ថម្ភរដោយរដ្ឋាភិបាលជប៉ុនតាមរយៈ UNDP ក្នុងគោលបំណងបង្កើនការទទួលវ៉ាក់សាំង និងការបញ្ជាក់វ៉ាក់សាំង Covid-19 នៅវៀតណាម។
    |
 |
លោក Patrick Haverman អនុប្រធាន UNDP ប្រចាំវៀតណាមថ្លែងក្នុងសិក្ខាសាលា |
ថ្លែងក្នុងសិក្ខាសាលានេះ លោក Patrick Haverman អនុប្រធាន UNDP ប្រចាំវៀតណាមបានឲ្យដឹងថា៖ នេះគឺជាឱកាសដ៏សំខាន់សម្រាប់វៀតណាមទទួលបានបច្ចេកវិទ្យា mRNA សម្រាប់ការផលិតវ៉ាក់សាំង។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ទាមទារឱ្យមានការពិចារណាយ៉ាងយកចិត្តទុកដាក់លើជំហាន និងពេលវេលា ទំហំ និងប្រភពទុនវិនិយោគចាំបាច់ ក៏ដូចជាការអភិវឌ្ឍជំនាញដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពហិរញ្ញវត្ថុនៃការផ្ទេរបច្ចេកវិទ្យា។
នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានចែករំលែកការរកឃើញសំខាន់ៗនៃការសិក្សាស្រាវជ្រាវសំខាន់ៗចំនួន ៣ ដែលបានអនុវត្តក្នុងគម្រោង រួមមានទិដ្ឋភាពទូទៅនៃបទពិសោធន៍អន្តរជាតិលើការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងក្នុងស្រុក សមត្ថភាពផលិត និងតម្រូវការផលិតវ៉ាក់សាំងនៅប្រទេសវៀតណាម លើកសំណើផែនទីបង្ហាញផ្លូវដើម្បីកសាងវៀតណាម ទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់។
ដើម្បីឱ្យវៀតណាម ក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់ យោងតាមលោកបណ្ឌិត Nguyen Khanh Phuong អនុប្រធាននៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយសុខាភិបាល វៀតណាមចាំបាច់គប្បីតែផ្តោតលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងផលិតវ៉ាក់សាំង បង្កើតរោងចក្រផលិត GMP (ការអនុវត្តផលិតកម្មល្អ) ជាមួយនឹងការឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងនាំចេញ។
លើសពីនេះ វៀតណាមត្រូវតែលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាពឲ្យស្របតាមស្តង់ដារអន្តរជាតិ បន្តពង្រឹងប្រព័ន្ធនៃទីភ្នាក់ងារគ្រប់គ្រងវ៉ាក់សាំងជាតិ និងទទួលបានការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) បង្កើតគោលនយោបាយពាក់ព័ន្ធ ដើម្បីជំរុញការស្រាវជ្រាវ និងផលិតវ៉ាក់សាំងសម្រាប់បំរើតម្រូវការក្នុងស្រុក និងនាំចេញ៕
បកប្រែដោយ Pham Diep