លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបនាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី២០ ខែមីនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកត់ស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកវរសេនីយ៍ឯក រ៉ែម កាន់ ក្នុងការសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក រួមទាំងសកម្មភាពក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម -កម្ពុជា ២០២២”។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក រ៉ែម កាន់ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនថា ក្នុងជំនួបទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិកម្ពុជានៅខាងក្រៅកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន លើកទី១២ កន្លងមក ភាគីទាំងពីរបានពិភាក្សាលើខ្លឹមសារជាច្រើនដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ។ ព្រមទាំងសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នយោបាយ និងការទូតសំខាន់ៗជាច្រើន រួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (SEA Games 32) និង (ASEAN Para Games 12)។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗទាំងនេះប្រកបដោយជោគជ័យ។
លោកវរសេនីយ៍ឯក រ៉ែម កាន់ បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក។ លោកវរសេនីយ៍ឯក រ៉ែម កាន់ បានអះអាងថា ដោយឈរលើមូលដ្ឋាននៃខ្លឹមសារដែលបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ លោកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននិងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ៕
បកប្រែដោយ Pham Diep