leftcenterrightdel
លោក Nguyen Manh Cuong ទទួលជួបលោកស្រី ជា គឹមថា នៅទីស្នាក់ការក្រសួងការបរទេស

ក្នុងជំនួបនេះ លោក Nguyen Manh Cuong បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ នាពេលថ្មីៗនេះ។

លោកអនុរដ្ឋមន្ត្រីក៏ថ្លែងអំណរគុណកម្ពុជាដែលបានចាត់បញ្ជូនកងយោធពលខេមរភូមិន្ទ មកចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រា។ នេះជារូបភាពដ៏ស្រស់បំព្រង ដែលត្រូវបានប្រជាជនវៀតណាមស្រលាញ់ និងរំភើបចិត្តយ៉ាងខ្លាំង ដោយបន្តបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ដោយសង្កត់ធ្ងន់ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក Nguyen Manh Cuong សង្ឃឹមថានឹងសម្របសម្រួលជាមួយស្ថានទូត និងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការវិនិយោគរវាងធុរកិច្ចនៃភាគីទាំងពីរ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន កិច្ចសហប្រតិបត្តិការទេសចរណ៍ជាដើម នៅតែមានឱកាសច្រើនក្នុងការជំរុញការអភិវឌ្ឍរួមគ្នា។

leftcenterrightdel
លោក Nguyen Manh Cuong បានឲ្យដឹងថា ប្រទេសទាំងពីរនៅមានសក្កានុពលជាច្រើនដើម្បីអភិវឌ្ឍជាមួយគ្នា

លោក Nguyen Manh Cuong បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កម្ពុជា មានការរីកចម្រើនជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ ពង្រឹងទំនុកចិត្ត និងសាមគ្គីភាពរវាងគណបក្ស រដ្ឋ និងប្រជាជនទាំងពីរ។

កិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំកំពូលរវាងប្រមុខគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ  និងកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីទាំងបីវៀតណាម ឡាវ កម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២៥ បានតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

យន្តការសហប្រតិបត្តិការដូចជាគណៈកម្មាធិការចម្រុះ និងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា នឹងរួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

លោកស្រី ជា គឹមថា បានឯកភាពទាំងស្រុងចំពោះមតិយោបល់និងការវាយតម្លៃរបស់លោក Nguyen Manh Cuong ហើយបានអបអរសាទរចំពោះវៀតណាមដែលបានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៥) ប្រកបដោយជោគជ័យ។

លោកស្រីឯកអគ្គរាជទូតបានសម្តែងនូវកិត្តិយសដែលបានរួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមព្រឹត្តិការណ៍ពិសេសទាំងនោះនៅប្រទេសវៀតណាម។ លោកស្រី ជា គឹមថា ស្វាគមន៍ភាគីវៀតណាមចូលរួមកិច្ចប្រជុំលើកទី ២១ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខនេះ។

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរាជទូតសូមថ្លែងអំណរគុណចំពោះវៀតណាម និងអាជ្ញាធរវៀតណាម ដែលតែងតែគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូត និងអាជ្ញាធរកម្ពុជា។ លោកស្រីឯកអគ្គរាជទូតបានអះអាងថា នឹងបន្តប្តេជ្ញាចិត្ត និងសម្របសម្រួលជាមួយក្រសួងការបរទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត៕

បកប្រែដោយ Thanh Cong