ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់លោក To Lam ប្រធានរដ្ឋ ធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរទើបតែបានប្រារព្ធខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ / ២៤ មិថុនា ២០២៤) ជាមួយនឹងសកម្មភាពជាច្រើនដែលពោរពេញទៅដោយទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំកម្ពុជា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីលោក To Lam បានចូលកាន់តំណែងជាប្រធានរដ្ឋ។ នេះបញ្ជាក់ជាថ្មីម្តងទៀតនូវគោលនយោបាយ និងទស្សនៈមិនងាករេរបស់បក្ស និងរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលក្នុងនោះមានរួមទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-កម្ពុជា ទទួលបានសមិទ្ធផលលេចធ្លោលើវិស័យជាច្រើន។ ក្រៅពីការរក្សាទំនាក់ទំនងល្អជាគ្រឹះស្នូល ដើម្បីតម្រង់ទិសទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ ពោលគឺកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិត្រូវតែកាន់តែស៊ីជម្រៅ  ក្លាយជាសសរស្តម្ភដ៏សំខាន់បំផុតក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំកម្ពុជា

យោងតាមលោកឯកអគ្គរដ្ឋទូត ភាគីទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការអនុវត្តពិធីសារ ៥ ឆ្នាំ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារប្រទេស និងក្រសួងនគរបាលវៀតណាម ជាមួយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកម្ពុជា។ តាមរយៈនោះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ជាប្រចាំ ដើម្បីសម្របសម្រួលទប់ស្កាត់ និងធ្វើឱ្យបរាជ័យនូវល្បិចកលរបស់ពួកអរិភាពក្នុងការបំផ្លិចបំផ្លាញទំនាក់ទំនងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកិច្ចការបរទេសក៏ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ។ អាចនិយាយបានថា ទំនាក់ទំនងលើវិស័យសន្តិសុខ និងការពារជាតិ ក៏ដូចជាកិច្ចការបរទេសនាពេលថ្មីៗនេះ បានរួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតមកដល់ពេលនេះ វៀតណាមមានគម្រោងមានប្រសិទ្ធភាពចំនួន ២០៨ ដែលមានដើមទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិកដែលកំពុងដំណើរការនៅកម្ពុជា។ ទន្ទឹមនឹងនោះ កម្ពុជាក៏មានគម្រោងដែលមានសុពលភាពចំនួន ៣៥ ដែលមានដើមទុនចុះបញ្ជីសរុបជិត ៧៦ លានដុល្លារអាមេរិក ដែលកំពុងវិនិយោគនៅប្រទេសវៀតណាម។

ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីបានឃើញការវិវឌ្ឍដ៏អស្ចារ្យ។ ក្នុងឆ្នាំ ២០២០ ចំណូលទ្វេភាគីឈានដល់ ៥.៣២ ពាន់លានដុល្លារ។ ឆ្នាំ ២០២១ ឈានដល់ ៩.៥៣ ពាន់លានដុល្លារ; ឆ្នាំ ២០២២ មានការរីកចម្រើនឈានដល់ ១០.៥៧ ពាន់លានដុល្លារ។ នៅឆ្នាំ ២០២៣ ទោះបីជារងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងនៅតែខ្ពស់រហូតដល់ ៨.៥៧ ពាន់លានដុល្លារអាមេរិក។

ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៤.៦ ពាន់លានដុល្លារ។ ភាគីទាំងពីររំពឹងថា នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងត្រលប់មកសម្រេចបាន ១០ពាន់លានដុល្លារ ឬច្រើនជាងនេះ។ តាមរយៈនោះ វានឹងរួមចំណែកបន្តិចម្តងៗដល់ការសម្រេចបាននូវគោលដៅដែលនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅវៀតណាម  ពោលគឺនាំឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងដល់ ២០ ពាន់លានដុល្លារនាពេលខាងមុខ។

“ខ្ញុំគិតថា រវាងប្រទេសទាំងពីរមានសក្ដានុពលច្រើនណាស់សម្រាប់ការអភិវឌ្ឍ ជាពិសេសផ្នែកសេដ្ឋកិច្ច។ យើងឃើញថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការប្រពៃណី រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ បានចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីបង្កើតយន្តការបើកចំហសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ នេះជាឱកាសដ៏ល្អសម្រាប់ធុរកិច្ចបរទេសជាទូទៅ និងវៀតណាមនិយាយដោយឡែកដើម្បីបង្កើនការវិនិយោគក្នុងទីផ្សារកម្ពុជា” លោកឯកអគ្គរដ្ឋទូតបានអះអាងបែបនេះ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងសុខាភិបាល ក៏មានការផ្លាស់ប្តូរយ៉ាងសំខាន់ផងដែរ។ ជាពិសេស ភាគីទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យអប់រំ និងបណ្តុះបណ្តាល ដោយចាត់ទុកវាជាកត្តាយុទ្ធសាស្ត្រ ដើម្បីធានាដល់ការថែរក្សា និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។

ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន រដ្ឋសភា និងអង្គការមហាជននៃប្រទេសទាំងពីរក៏កាន់តែស៊ីជម្រៅថែមទៀត។ ខេត្តជាប់ព្រំដែនក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធផងដែរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ពង្រាយសេវាសុខាភិបាលបម្រើប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ ទន្ទឹមនឹងនោះ ត្រូវសម្របសម្រួលរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ធានាសន្តិសុខ និងសុវត្ថិភាពជូនតំបន់ព្រំដែននៃប្រទេសទាំងពីរ។

គេរំពឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា លោក To Lam ប្រធានរដ្ឋវៀតណាម នឹងចូលគាល់ព្រះមហាក្សត្រនរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ជួបសវនាការទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

តាមលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាយ៉ាងទូលំទូលាយអំពីវិធានការនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ នាពេលថ្មីៗនេះ ជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំបានឈានដល់កិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រជាច្រើនតម្រង់ទិសដៅទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ រួមចំណែកកសាងទំនាក់ទំនងដែលកំពុងរីកចម្រើនឥតឈប់ឈររវាងភាគីទាំងពីរ។

ផ្អែកលើស្មារតីនោះ ដំណើរទស្សនកិច្ចរបស់លោក To Lam ប្រធានរដ្ឋលើកនេះ មានអត្ថន័យសំខាន់ណាស់ វានឹងក្លាយជាព្រឹតិ្តការណ៍មួយដើម្បីពូនជ្រំ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមពាក្យស្លោក "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ធានាបាននូវការថែរក្សា និងការពារចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនវៀតណាម និងកម្ពុជាជារៀងរហូត៕

បកប្រែដោយ Minh Trung