ជាមួយនឹងភាពស្រដៀងគ្នាជាច្រើន ប្រទេសទាំងពីរតែងតែចងភ្ជាប់ជាមួយគ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះជាតិ និងឯកភាពទឹកដីនាអតីតកាល ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនៅសព្វថ្ងៃនេះ។

ក្រឡេកទៅមើលប្រវត្តិសាស្ត្រវិញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារលិខិតថ្វាយព្រះពរ  ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ លោកប្រធានហូជីមិញ បានសរសេរថា “ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជានិមិត្តរូបដ៏ត្រចះត្រចង់នៃចំណងមិត្តភាព និងសាមគ្គីភាពក្នុងការប្រយុទ្ធ។ នោះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរវាងវៀតណាម និងកម្ពុជា ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍” ហើយមួយថ្ងៃក្រោយមក គឺថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ vov.vn)

ដើម្បីតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ បានកំណត់ថា ទំនាក់ទំនងនយោបាយ និងការបរទេសដើរតួនាទីស្នូល ផ្តល់ទិសដៅរួមសម្រាប់ទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីររក្សា និងជំរុញយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងនៅគ្រប់លំដាប់ថ្នាក់ ហើយចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកិច្ចហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

យោងតាមលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាប់តាំងពីឡើងកាន់តំណែងថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានជំនួបជាច្រើនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក្នុងឱកាសចូលរួមវេទិកា និងសន្និសីទថ្នាក់តំបន់ និងអន្តរជាតិ។

ទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាមត្រូវបានបង្ហាញក្នុងវិស័យជាច្រើន។ ទីមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែមានការផ្លាស់ប្តូរគណៈប្រតិភូ។ ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាល  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបគ្នា ៦ ដងក្នុងរយៈពេល ៩ ខែ។ ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជម្រាបជូនអំពីស្ថានភាព និងទស្សនៈរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរក៏មានកិច្ចពិភាក្សាជាប្រចាំផងដែរ។

ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយល្អ វិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ត្រូវបានជម្រុញឲ្យកាន់តែជាក់ស្ដែង។ ជាពិសេស ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរត្រូវបានជម្រុញលើគ្រប់វិស័យ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន តាមរយៈនោះ ពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរបន្តត្រូវបានជម្រុញឲ្យកាន់តែជិតស្និទ្ធ និងជាក់ស្តែង ចូលរួមចំណែកក្នុងការរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

វៀតណាម និងកម្ពុជា មានព្រំប្រទល់ដីគោកប្រវែង ១,២៥៨ គីឡូម៉ែត្រ។ ដើម្បីជំរុញការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ភាគីទាំងពីរបញ្ចប់ការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកបាន ៨៤% ហើយកំពុងខិតខំប្រឹងប្រែងចរចា និងដោះស្រាយនៅសល់ ១៦% តទៅទៀត។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងអាស៊ាន។ រហូតមកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគជាង ២០០ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ ដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅកម្ពុជា។ ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីដែលវៀតណាមបានវិនិយោគនៅក្រៅប្រទេស។

វៀតណាមមានគម្រោងវិនិយោគនៅក្នុងខេត្ត ក្រុងទាំង ១៨/២៥ របស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃ និងកែច្នៃម្ហូបអាហារ ការរុករករ៉ែ អាកាសចរណ៍ និងទេសចរណ៍។

វិស័យសហប្រតិបត្តិការដូចជា៖ ការអប់រំ បណ្តុះបណ្តាល ចរាចរណ៍ ការដឹកជញ្ជូន វប្បធម៌ សុខាភិបាល ទូរគមនាគមន៍... ក៏ត្រូវបានប្រទេសទាំងពីរយកចិត្តទុកដាក់ និងជម្រុញផងដែរ។ ជារៀងរាល់ឆ្នាំ វៀតណាមបានផ្តល់អាហារូបករណ៍រយៈពេលវែងដល់និស្សិតកម្ពុជារាប់រយនាក់ ហើយចំនួននិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជាកាន់តែកើនឡើង។ វៀតណាមតែងតែរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជា។

នៅឯវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ព្រមទាំង រួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសនីមួយៗនៅលើឆាកអន្តរជាតិ។

បន្ទាប់ពីរយៈពេល ៥៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាមបានឈានដល់កម្ពស់ថ្មី។ ទំនាក់ទំនងដ៏ល្អនោះបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ក៏ដូចជានៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh