កាលពីថ្ងៃទី៤ ខែវិច្ឆិកា គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត អតីតអ្នកជំនាញការវៀតណាម និងគ្រួសារនៃយុទ្ធជនដែលពលីជីវិតនៅសមរភូមិកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងមេទ័ព នាយទាហាន នៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ នាង ផាត ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូវៀតណាម (រូបថត៖ vnanet.vn)

លោកនាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ការគាំទ្រដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមជាច្រើនជំនាន់ បានផ្តល់ជូនកម្ពុជានាអតីតកាល និងបច្ចុប្បន្ន។ លោក នាង ផាត បានឱ្យដឹងថា ក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមក្នុងការបន្តកសាងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពដ៏មានតម្លៃ រវាងប្រទេសទាំងពីរ ដើម្បីបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍប្រទេសទាំងពីរ។

ថ្លែងក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Trinh Vinh Pha បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងការពារជាតិកម្ពុជា ដែលផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ។ លោកវរសេនីយ៍ឯក Trinh Vinh Pha បានឲ្យដឹងថា ក្រោមទង់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម បានប្រកៀកស្មាជាមួយប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិកម្ពុជា ដើម្បីជម្នះនូវគ្រប់ផលវិបាកពីសង្រ្គាមដែលបន្សល់ទុកដោយរបបប្រល័យពូជសាសន៍ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ។ លោកមានប្រសាសន៍ថា ការស្ដារឡើងវិញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទូលំទូលាយរបស់ប្រទេសកម្ពុជា ទទួលបានការកោតសរសើរពីមិត្តភក្តិអន្តរជាតិ និងអ្នកស្រឡាញ់សន្តិភាពនៅជុំវិញពិភពលោក។

ក្នុងបរិយាកាសមិត្តភាពនៃជំនួបនេះ គណៈប្រតិភូបានចែករំលែកនូវអនុស្សាវរីយ៍ជាច្រើនអំពីដំណើរការចូលរួមក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និងកសាងប្រទេសកម្ពុជាឡើងវិញ ទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ជាពិសេសពិធីរំលឹកខួបទិវាជ័យជម្នះ ៧ មករា - ថ្ងៃរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕

បកប្រែដោយ Thuy Anh