ដោយមានការស្រាវជ្រាវស៊ីជម្រៅជាច្រើនឆ្នាំអំពីទំនាក់ទំនងប្រពៃណីរវាងវៀតណាម ឡាវ និងកម្ពុជា លោក អ៊ុច លាង បានចែករំលែកអំពីស្មារតីយុទ្ធសាមគ្គីភាពរវាងប្រទេសឥណ្ឌូចិនទាំងបីក្នុងការតស៊ូទាមទារឯករាជ្យ និងសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងការអភិវឌ្ឍបន្ទាប់ពីរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសឡើងវិញ។

leftcenterrightdel
លោក អ៊ុច លាង ប្រធានស្តីទី នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម

ពីការតស៊ូដោយឯកឯង ដល់ការប្រមូលកម្លាំងយុទ្ធសាមគ្គីភាពឥណ្ឌូចិនទាំងមូល

ក្រឡេកមើលទំព័រប្រវត្តិសាស្ត្រវិញ នៅឧបទ្វីបឥណ្ឌូចិន ជាកន្លែងដែលប្រជាជនទាំងបី វៀតណាម ឡាវ និងកម្ពុជាបានរស់នៅជាមួយគ្នាអស់ជាច្រើនសតវត្សមកហើយ ទំនាក់ទំនងជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងរឹងមាំបានបង្កើតចំណងជិតស្និទ្ធយ៉ាងស៊ីជម្រៅក្នុងប្រវត្តិសាស្ត្រ វប្បធម៌ វាសនា និងបេសកកម្ម។ នៅពេលដែលពួកអាណានិគមនិយមបារាំងចូលវាយលុកប្រទេសនីមួយៗ ហើយបន្ទាប់មកបន្តការត្រួតត្រារបស់ពួកគេលើឥណ្ឌូចិនទាំងមូល សាមគ្គីភាពនោះបានក្លាយជាកម្លាំងជំរុញការកកើតឡើងចំណងយុទ្ធសាមគ្គីពិសេសក្នុងគោលដៅប្រយុទ្ធប្រឆាំងបរទេសឈ្លានពាន និងដណ្តើមឯករាជ្យ សេរីភាព និងបូរណភាពទឹកដីសម្រាប់ប្រទេសនីមួយៗ។ យុទ្ធសាមគ្គីនេះ មិនត្រូវបានបង្កើតឡើងដោយការដាក់សម្ពាធពីខាងក្រៅនោះទេ ប៉ុន្តែវាបានមកពីតម្រូវការជៀសមិនផុតរបស់ប្រជាជនដែលរងការត្រូវគេជិះជាន់ ដោយមានសេចក្តីប្រាថ្នាដូចគ្នាគឺទាមទារឯករាជ្យ និងសេរីភាព។

លោក អ៊ុច លាង បានមានប្រសាសន៍ថា៖ ចេញពីស្មារតីប្រកៀកស្មាគ្នា រួមគ្នាប្រយុទ្ធប្រឆាំងដើម្បីរំដោះប្រទេសជាតិ ឱ្យរួចចាកផុតពីនឹមអាណានិគមនេះហើយ ដែលត្រូវបានចាត់ទុកថាជាកត្តាសត្យានុម័តមួយ ដែលឆ្លុះបញ្ចាំងពីក្រឹត្យក្រមនៃអត្ថិភាព និងការអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួន។ ប្រសិនបើប្រទេសតាំងបី មិនប្រកកៀកស្មាគ្នា្ ហើយមិនមានភូមិផងរបងជាប់គ្នាទេ នោះភាពជោគជ័យគឺពិតជាមានតិច្ចតួចបំផុត”។

ទំនាក់ទំនងសាមគ្គីភាព និងសម្ព័ន្ធភាពនេះក៏ពោពេញទៅដោយភាពលំបាក ប៉ុន្តែវាតែងតែមានការផ្លាស់ប្តូរ និងប្រែប្រួលទៅតាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ។ នៅដំណាក់កាលដំបូងនៃការឈ្លានពានរបស់បារាំងលើឥណ្ឌូចិន ដាក់ប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា ក្រោមអាណានិគមបារាំង ពួកគេបានកេងប្រវ័ញ្ចប្រជាជនឥណ្ឌូចិនរហូតដល់អស់កម្លាំងហិនហោច។ ដោយស្មារតីអង់អាចក្លាហាន និងការតាំងចិត្តមោះមុតមិនព្រមជាទាសករទេ បានជាប្រជាជននៃប្រទេសទាំងបីបានក្រោកឡើងតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។

ការតស៊ូរបស់ប្រជាជននៃប្រទេសទាំងបីក្នុងសម័យដើមដំបូងប្រឆាំងនឹងអាណានិគមនិយមបារាំងក៏មានភាពរំជើបរំជួលបន្តិចដែរ ដែលបង្ហាញពីឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងបរទេសឈ្លានពាន ដាស់តឿនស្មារតីស្នេហាជាតិរបស់ប្រជាជនឥណ្ឌូចិន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែខ្វះការរួបរួមទៅជាចលនាប្រឆាំងបារាំងដ៏ទូលំទូលាយ និងជាពិសេសការខ្វះគោលនយោបាយត្រឹមត្រូវ វាមិនអាចប្រមូលផ្តុំសាមគ្គីភាពរបស់ប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបីដើម្បីតស៊ូផ្តួលរំលំការគ្រប់គ្រងអាណានិគមនិយមបារាំង និងទទួលបានឯករាជ្យសម្រាប់ប្រទេសនីមួយៗទេ។

គោលការណ៍ខ្ជាប់ខ្ជួនរហូតតាមប្រវត្តិបដិវត្តន៍ឥណ្ឌូចិន

ក្នុងបរិបទនៃចលនាតស៊ូទាមទារឯករាជ្យនៅវៀតណាម ឡាវ និងកម្ពុជាកំពុងខ្វះការផ្សារភ្ជាប់គ្នា ខ្វះការតម្រង់ទិសដៅនោះ កំណើតនៃបក្សកុម្មុយនិស្តវៀតណាម (ក្រោយមកប្តូរឈ្មោះជាបក្សកុម្មុយនិស្តឥណ្ឌូចិន នៅខែតុលា ឆ្នាំ១៩៣០) ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ បានបើកសករាជថ្មីសម្រាប់បដិវត្តឥណ្ឌូចិន។ បើតាមលោក អ៊ុច លាង៖ “បក្សបានប្រមូលផ្តុំកម្លាំងបដិវត្តន៍នៃប្រទេសទាំងបី ដើរតួនាទីស្នូលក្នុងការតស៊ូរំដោះជាតិ និងចាក់គ្រឹះសម្រាប់ចំណងយុទ្ធសាមគ្គី នាពេលអនាគត”។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ចលនាបដិវត្តន៍ក្នុងប្រទេសទាំងបីបានជម្នះជាបណ្តើរៗនូវរាល់ការលំបាកដោយមើលឃើញ និងកំណត់ច្បាស់នូវគោលដៅ "រំដោះជាតិ ជាអាទិភាពកំពូលបំផុត"។ ប្រការនេះបានក្លាយជាខ្សែក្រហម ជាគោលការណ៍ផ្សារភ្ជាប់រហូតក្នុងគ្រប់សកម្មភាពនយោបាយ និងការតស៊ូប្រដាប់អាវុធ។ វាមិនមែនគ្រាន់តែជាការសម្របសម្រួលផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងជាយុទ្ធសាស្ត្រ មានលក្ខណៈស្លាប់រស់នៃប្រជាជាតិទាំងបី។

តាមទស្សនៈរបស់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ លោក អ៊ុច លាង មានជំនឿថា ជ័យជំនះនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ របស់វៀតណាមបានសាយភាយស្មារតីបដិវត្តន៍ពេញឥណ្ឌូចិន។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ការបះបោរដើម្បីដណ្តើមអំណាចនៅប្រទេសឡាវបានផ្ទុះឡើង និងទទួលបានជ័យជំនះនាខែតុលា ឆ្នាំ ១៩៤៥។ រីឯនៅកម្ពុជា ចលនាតស៊ូក៏បន្តរីកចម្រើនខ្លាំងដោយបង្ខំពួកអាណានិគមនិយមបារាំង ត្រូវតែផ្តល់ឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ លោក អ៊ុច លាង ឱ្យដឹងថាៈ “ចេញពីស្មារតីរួម របស់ “បក្សកុម្មុយនិស្តឥណ្ឌូចិន”  នេះហើយ ដែលបានជំរុញឱ្យប្រទេសទាំង បានពួតដៃគ្នាប្រយុទ្ធប្រឆាំង ដណ្តើមបានឯករាជ្យជាបន្តបន្ទាប់ពីរបប អាណានិគមនិយមបារាំង។ ហើយឈរលើសស្មារទីនេះហើយ ទើបប្រទេសទាំង៣ បន្តវប្បធម៌ ពួតដៃនិងជួយគ្នាទៅវិញទៅមក ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាម៉េរិក និងបានបិទបញ្ចប់ជាស្ថាពរសង្គ្រាមនៅឥណ្ឌូចិន។ ហើយរហូតមកទល់បច្ចុប្បន្ន ស្មារតីនេះ នៅតែបន្តជានិរន្ត ទាំងរវាងរដ្ឋាភិបាល គណបក្ស និងត្រូវបានពូនជ្រុំជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ ហើយបានផ្សព្វផ្សាយទៅដល់យុវជនជំនាន់ក្រោយថែមទៀតផង។ ជាក់ស្តែងប្រមុខដឹកនាំកំពូលរបស់គណៈបក្សទាំងបីទើបតែ បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ភាគីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ភាគីបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក To Lam អគ្គលេខាបក្សកម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ លោក ថងលុន ស៊ីសូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ។ ក្រៅពីនេះ នៅមានជំនួបអាហារពេលព្រឹកត្រីភាគីជាប្រចាំរវាង ថ្នាក់ដឹកនាំប្រទេសទាំងបី នៅពេលមានកិច្ចប្រជុំកំពូលសំខាន់ម្តងៗ។

ទោះបីជានៅឆ្នាំ១៩៥១ ប្រទេសនីមួយៗបានបង្កើតបក្សដាច់ដោយឡែករបស់ខ្លួនក៏ដោយ ក៏ទំនាក់ទំនងសាមគ្គីភាពមិនធ្លាក់ចុះទេ ថែមទាំងកាន់តែរឹងមាំ ជាពិសេសក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះប្រទេស។ ផ្តើមចេញពីស្មារតីនៃសាមគ្គីភាពប្រឆាំងនឹងបារាំង ប្រជាជាតិទាំងបីរួមគ្នាទទួលបានឯករាជ្យ ដោយបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះប្រទេស។

ដំណើររយៈពេល ៥០ ឆ្នាំនៃការអភិវឌ្ឍរបស់ប្រទេសមួយដ៏អង់អាចក្លាហាន

ដោយពិនិត្យលើទំព័រមាសនៃប្រវត្តិសាស្ត្រក្នុងការតស៊ូរំដោះជាតិរបស់វៀតណាម លោក អ៊ុច លាង បានរំលឹកផងដែរថា ប្រទេសវៀតណាម ក្រោយដណ្តើមបានឯករាជ្យពីប្រទេសជប៉ុន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ និងប្រកាសបង្កើតរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” តាមរយៈការធ្វើបដិវត្តន៍តែរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី១៤ ខែសីហា ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៤៥។ ក្រោយបង្កើតបានរដ្ឋវៀតណាមឯករាជ្យ នាឆ្នាំ១៩៤៥ មានសង្រ្គាមតស៊ូចំនួនពីរបានកើតឡើង គឺទី១-ជាសង្រ្គាមប្រឆាំងនឹងរបបអាណានិគមនិយមបារាំង ដែលដណ្តើមបានជ័យជម្នះនៅ Dien Bien Phu នាថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ លើរបបអាណានិគមនិយមបារាំង ក្រោមការដឹកនាំដោយលោកប្រធានហូជីមិញ និងទី២-ជាសង្រ្គាមប្រឆាំងនឹងចក្រពត្តិនិយមអាមេរិក ពីឆ្នាំ១៩៤៥ ដល់ ឆ្នាំ១៩៧៥ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយដណ្តើមបានជ័យជម្នះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បានធ្វើការបង្រួបបង្រួមប្រទេសវៀតណាមទាំងមូល។

ជ័យជំនះដ៏អស្ចារ្យនៃសង្រ្គាមតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក ដើម្បីសង្គ្រោះប្រទេស បញ្ចប់សង្រ្គាម បង្រួបបង្រួមទឹកដី តាមមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ គឺជាស្នាដៃដ៏អស្ចារ្យមួយក្នុងសតវត្សទី២០ របស់ប្រជាជនវៀតណាម ដែលជាវីរភាពអមតៈនៃសង្រ្គាមប្រជាជនក្នុងសម័យហូជីមិញ។ ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកប្រធានហូជីមិញ គឺជាកត្តាសត្យានុម័តនៃជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ជ័យជម្នះរបស់ប្រជាជនវៀតណាម ក្នុងបុព្វហេតុប្រយុទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ ត្រូវបានកត់ត្រាទុកជារៀងរហូត ទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិថាជាទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតមួយ ដែលជានិមិត្តរូបដ៏ភ្លឺស្វាងនៃជ័យជំនះពេញលេញនៃវីរភាពបដិវត្តន៍ និងបញ្ញាញាណរបស់មនុស្សវៀតណាម ហើយក្លាយទៅជាប្រវត្តិសាស្ត្រពិភពលោក ដែលជាស្នាដៃដ៏អស្ចារ្យនៃព្រឹត្តិការណ៍ដ៏សំខាន់ជាអន្តរជាតិ នៃសតវត្សទី២០”។

ជ័យជំនះដ៏អស្ចារ្យនៅនិទាឃរដូវឆ្នាំ១៩៧៥ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានសារៈសំខាន់បំផុតនាសម័យកាលនោះ ដែលបានជួយបំផុសស្មារតីប្រឆាំងចក្រពត្តិនិយម ដល់មនុស្សជាតិនៅទូទាំងទ្វីបទាំងប្រាំ។ សម្រាប់ពិភពលោក ជ័យជំនះរបស់ប្រជាជនវៀតណាម ដែលបានវាយបំបាក់យ៉ាងដំណំទៅលើរបបចក្រពត្តិនិយម តាំងពីក្រោយសង្គ្រាមលោកលើកទីពីរ បានរុញច្រានរបបចក្រពត្តិនិយមឱ្យដកថយ  ពង្រីករបបសង្គមនិយម ជាពិសេសវាយបំបាក់របបចក្រពត្តិនិយមអាម៉េរិកនៅអាស៊ីអាគ្នេយ៍ និងបានធ្វើឱ្យរង្គោះរង្គើរជាសកល រុញសហរដ្ឋអាម៉េរិកឱ្យស្ថិតក្នុងស្ថានភាពលំបាកដែលមិនធ្លាប់មានពីមុនមក ធ្វើឱ្យប្រព័ន្ធចក្រពត្តិនិយមចុះខ្សោយ នាំមកនូវទំនុកចិត្ត និងភាពរំភើបដល់មនុស្សរាប់រយលាននាក់ជុំវិញពិភពលោក ដែលកំពុងតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ និងសង្គមនិយម។

សមិទ្ធផលដ៏អស្ចារ្យបន្ទាប់ពីជិត៩៥ឆ្នាំកន្លងទៅនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម ៥០ ឆ្នាំក្រោយការធ្វើសង្គ្រាមដើម្បីបង្រួបបង្រួមប្រទេសវៀតណាមទាំងមូល និងការធ្វើកំណែទម្រង់ជិត៤០ឆ្នាំកន្លងទៅ បានបង្ហាញអំពីគោលដៅនៃការកសាងប្រទេសសង្គមនិយម ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត តាមលទ្ធិម៉ាក្ស-លេនីន និងមនោគមវិជ្ជាហូជីមិញ របស់លោកប្រធានហូជីមិញ ក្នុងការធ្វើបដិវត្តន៍កំណែទម្រង់ប្រទេសវៀតណាម។ ការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ស្របតាមក្រឹត្យក្រមសត្យានុម័ត តាមបំណងប្រាថ្នារបស់ប្រជាជន បាននាំប្រទេសវៀតណាមឱ្យចាកចេញពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ដែលមានទំហំសេដ្ឋកិច្ចតូចតាច ឱ្យធ្វើការអភិវឌ្ឍបន្តិចម្តងៗ និងបានចាកចេញពីក្រុមប្រទេសដែលមានចំណូលទាបនៅឆ្នាំ២០០៨។

ស្ថិរភាពនយោបាយ និងសមិទ្ធិផលសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ ការពារជាតិ និងកិច្ចការបរទេស ជាមួយនឹងតួនាទី និងភាពរឹងមាំដែលទទួលបានក្នុងរយៈពេលជិត៤០ឆ្នាំ នៃការការធ្វើកំណែទម្រង់ រួមជាមួយនិងការឯកភាព និងការខិតខំប្រឹងប្រែងរួមគ្នា របស់បក្ស ប្រជាជន និងកងទ័ពទាំងមូល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឈានទៅរកការអភិវឌ្ឍថ្មី នៃយុគសម័យនៃការអភិវឌ្ឍរបស់ប្រជាជនវៀតណាម។

ការអនុវត្តគោលនយោបាយកំណែទម្រង់ដែលបានផ្តួចផ្តើម និងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម បាននាំវៀតណាមទទួលបានសមិទ្ធិផលដ៏អស្ចារ្យលើគ្រប់វិស័យ សហគមន៍អន្តរជាតិក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាម ហើយជឿជាក់ថា វៀតណាមនឹងបន្តបង្កើតកំណត់ត្រាថ្មីៗជាបន្តបន្ទាប់ទៀត។

យុទ្ធនាការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគោលនយោបាយបង្រួមក្បាលម៉ាស៊ីនដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាគោលនយោបាយដ៏ល្អប្រសើរមួយ ក្នុងចក្ខុវិស័យ ធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធដឹកនាំប្រទេសជាតិ សំដៅលើកកម្ពស់ និងធានាឱ្យមានប្រសិទ្ធិភាព គុណភាព និងតម្លាភាពរបស់ប្រព័ន្ធដឹកនាំ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាជន ក៏ដូចជាសហគមន៍អន្តរជាតិ។

ប្រទេសវៀតណាម បានដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបដិវត្តកម្មឌីជីថលដោយខិតខំឱ្យបានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ នេះគឺជាគោលដៅជាក់លាក់មួយដោយផ្អែកលើសន្ទុះផ្ទៃក្នុងរបស់វៀតណាម ក៏ដូចជាការធ្វើសមាហរណកម្មយ៉ាងសកម្មរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចពិភពលោក។ សមិទ្ធិផលសំខាន់ៗ ដែលកើតចេញពីយន្តការនៃការធ្វើកំណែទម្រង់ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចបាននូវគោលដៅនៃភាពរឹងមាំ និងវិបុលភាពរបស់ប្រជាជនវៀតណាម។

បកប្រែដោយ Minh Trung