កងទ័ពការពារព្រំដែនខេត្ត Dak Lak ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនកម្ពុជា នាថ្ងៃទី៨ និងថ្ងៃទី៩ ខែមេសា គណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Dak Lak កងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី។
នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក Dao Viet Hung បានជូនពរប្រជាពលរដ្ឋ និងនាយទាហាន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មានសុខភាពល្អ និងសុភមង្គលក្នុងឆ្នាំថ្មី ហើយបន្តសម្រេចបានជោគជ័យក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ ធានាបាននូវការការពារជាតិ សន្តិសុខ និងជូនពរចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងកម្ពុជាកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
    |
 |
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរឆ្នាំថ្មី និងជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី |
ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Dao Viet Hung សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងការពារព្រំដែនជាតិ ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងការឆ្លងដែនខុសច្បាប់។
ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី អ៊ន បុន្នីរិទ្ធិ ស្នងការរងទទួលការងារផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់កងទ័ពការពារព្រំដែនខេត្ត Dak Lak។ លោកបានបញ្ជាក់ថា នាពេលខាងមុខ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែនខេត្ត Dak Lak ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅតាមតំបន់ព្រំដែន។
អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសិករងមណ្ឌលគិរី លោកមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់កម្ពុជា ក៏ដូចជារបស់តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីនាពេលបច្ចុប្បន្ន។ លោកបានជូនពរប្រជាជនកម្ពុជា និងតំបន់ប្រតិបត្តិការសិករងមណ្ឌលគិរី ជួបតែសេចក្តីសុខ សុខភាពល្អ វិបុលភាពក្នុងឆ្នាំថ្មី និងបន្តទទួលបានជោគជ័យក្នុងប៉ុន្មានឆ្នាំខាងមុខ។
លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដែលកងទ័ពការពារព្រំដែនខេត្ត Dak Lak ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នាពេលកន្លងមក។
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការក្នុងការការពារបង្គោលព្រំដែនគោក និងខ្សែបន្ទាត់ព្រំដែន សហការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ក្រុមការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕
បកប្រែដោយ Thuy Anh