លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា តំណាងក្រសួងការពារជាតិកម្ពុជា តំណាងគណបក្សប្រជាជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួននៃប្រទេសទាំងពីរបានអញ្ជើញចូលរួមក្នុងពិធីនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្លែងក្នុងពិធីទទួលគណៈប្រតិភូដែលមានសមាជិកជាង ១០០ នាក់ ដឹកនាំដោយលោក Trinh Vinh Pha អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការទាក់ទងអតីតអ្នកជំនាញការវៀតណាមជួយបដិវត្តន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវសេចក្តីរីករាយ និងរំភើប ដែលបានស្វាគមន៍គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេស កម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូមកកម្ពុជានៅថ្ងៃនេះ គឺធ្វើឡើងតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលលើកឡើងក្នុងឱកាសនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម កាលពីខែមិថុនា ឆ្នាំ ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចែករំលែកដោយរំភើបចិតថា កម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីទទួលស្វាគមន៍ក្រុមអតីតកងទ័ពស្ម័គ្រចិត្ត អតីតអ្នកជំនាញការវៀតណាម ជាអ្នកដែលបានជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ហើយរួមនឹងកងទ័ពបដិវត្តន៍កម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះប្រទេសនៅ ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ បន្ទាប់មកបានបន្តជួយប្រទេសកម្ពុជា​ឱ្យឆ្លងផុតគ្រាលំបាក។

leftcenterrightdel
គណៈប្រតិភូបានថតរូបទុកជាអនុស្សាវរីយ៍នៅវិមានមិត្តភាពវៀតណាម-កម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ភាគីកម្ពុជាបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការនាំគណៈប្រតិភូទៅទស្សនាសមរភូមិចាស់ និងរមណីដ្ឋានមួយចំនួននៃប្រទេសកម្ពុជា។ ដោយសារមានសន្តិភាព តំបន់ជាច្រើនដែលពីមុនជាកន្លែងដែលកងទ័ពស្ម័គ្រចិត្តវៀតណាមចូលរួមប្រយុទ្ធ សព្វថ្ងៃបានក្លាយជាតំបន់អភិវឌ្ឍន៍ខ្លាំង។

តាងនាមសមាជិកនៃគណៈប្រតិភូ លោកវរសេនីយ៍ឯក Trinh Vinh Pha បានសម្តែងនូវមនោសញ្ចេតនានៅពេលលោកអាចមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងទៀត ជាកន្លែងដែលលោក និងសមមិត្តជាច្រើនបានប្រយុទ្ធ និងលះបង់ដោយវីរភាពដើម្បីជួយប្រជាជននៃប្រទេសមិត្តផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ។ ទន្ទឹមនឹងនោះ លោកបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានអំពីទំនាក់ទំនងដ៏ស្មោះត្រង់រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ អតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមជាច្រើនបានចែករំលែកក្តីរីករាយជាមួយភាគីមិត្តចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់កម្ពុជា បន្ទាប់ពីរំដោះបានជិត ៤៥ ឆ្នាំ ចាប់តាំងពីជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩៕

បកប្រែដោយ Thanh Cong