ខ្ញុំបានកើតនៅខែវិច្ឆិកា ឆ្នាំ១៩៣៣ នៅភូមិបឹងស្នូល ឃុំល្វា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅឆ្នាំ១៩៥៣ ខ្ញុំជាជាងមេកានិចនៅរាជធានីភ្នំពេញ។

នៅខែមេសា ឆ្នាំ១៩៧៥ ពួក ប៉ុល ពត ចូលមកទីក្រុងភ្នំពេញ។ ពួកវាបានបណ្តេញខ្ញុំ និងក្រុមគ្រួសារចេញពីផ្ទះ ទៅតាមផ្លូវជាតិលេខ៥។ តាមផ្លូវ មានមនុស្សជាច្រើនណែនណាន់តាន់តាប់ទៅ។ ដល់កន្លែងរង់ចាំ ខ្ញុំឮទាហាន ប៉ុល ពត អំពាវនាវឲ្យបញ្ញវន្តវិលត្រលប់មកធ្វើការឲ្យ "អង្គការ" វិញ។ មានមនុស្សសរុប ៧ នាក់បានត្រឡប់មកជាមួយខ្ញុំវិញ ទៅធ្វើការនៅជ្រោយចង្វា ដើម្បីជួសជុលកាណូត និងទូកម៉ាស៊ីន បន្ទាប់មក ពួកវាបានយកខ្ញុំមកធ្វើការនៅរោងចក្រកាត់ដេរនៅផ្សារអូរឫស្សី។

leftcenterrightdel
លោក ជុំ ម៉ី

ក្រោយមក ម្ចាស់រោងចក្ររបស់ខ្ញុំឈ្មោះគុន ត្រូវចាប់ខ្លួនដោយគ្មានហេតុផល។ មួយខែក្រោយមក ប៉ុល ពត បានចាប់អនុប្រធានម្នាក់ទៀតឈ្មោះជុន។ ក្រោយមក ទាហាន ប៉ុល ពត បានចាប់ខ្ញុំទៅគុកទួលស្លែង។ ពេលទើបចូលមកភ្លាម គេបានយកខ្ញុំទៅសួរចម្លើយ។ ពួកវាបានចោទប្រកាន់ថាខ្ញុំជា CIA របស់អាមេរិក និងជា KGB របស់សូវៀត។ ពួកវាបានវាយ និងសួរចម្លើយខ្ញុំពីម៉ោង ៧ ដល់ម៉ោង ១១ ព្រឹក ពីម៉ោង ២ ដល់ម៉ោង ៥ រសៀល និងពីម៉ោង ៧ ដល់ម៉ោង ១០ យប់។ ពួកវាបានដកក្រចកជើងទាំងពីររបស់ខ្ញុំ។ ពួកវាឲ្យភ្លើងឆក់ខ្ញុំពីរលើក និងវាយលើខ្នងខ្ញុំទៀតផង។ ខ្ញុំឈឺណាស់ដោយសារការធ្វើទារុណកម្មដ៏ឃោរឃៅនេះ ខ្ញុំប្រាប់ថា ខ្ញុំបានចាក់ទឹកអាស៊ីតទៅលើម៉ាស៊ីនដេរធ្វើឲ្យវាខូច ហើយនិងបំបាក់ម្ជុលដេររបស់ "អង្គការ"។

បន្ទាប់ពីខ្ញុំទទួលទោស ពួកវាឈប់វាយខ្ញុំ ហើយឲ្យខ្ញុំញ៉ាំបបររាវ ២ ៣ ស្លាបព្រាដែលស្ទើរតែគ្មានអង្ករ។ ពួកវាឲ្យខ្ញុំផឹកទឹកតិចតួចប៉ណ្ណោះ។ ក្នុងរយៈពេលជាង ២ ខែ ខ្ញុំទើបបានងូតទឹកតែម្តង។ តាំងពីម៉ោង ១០ ដល់ម៉ោង ១១ នៅយប់ ប៉ុល ពត បានយកអ្នកទោសទៅសម្លាប់។ រាល់យប់ពួកវាយកអ្នកទោស ៣ នាក់ដែលដាក់ខ្នោះជើងជាមួយខ្ញុំទៅសម្លាប់។ ខ្ញុំជាអ្នកទី ៤ ដែលត្រូវដាក់ខ្នោះជើងជាមួយពួកគេ។ នៅពេលយប់នោះ ប្រសិនបើពួកវាយកមនុស្ស ៤ នាក់ទៅសម្លាប់ ក៏ខ្ញុំស្លាប់ហើយដែរ។

មុនថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ពន្ធនាគារទួលស្លែងជាសាលារៀន។ នៅពេលដែលចូលមកទីក្រុង ប៉ុលពតបានប្រែក្លាយសាលារៀននេះទៅជាគុកដែលគេហៅថាមន្ទីរសន្តិសុខ ស-២១។ ពួកវាបានរៀបចំឡើងវិញជាកន្លៃងសួរចម្លើយ និងសម្លាប់អ្នកណាដែលប៉ុលពតចាត់ទុកថាជាអ្នកក្បត់ ជាអណិកជនកម្ពុជា នៅប្រទេសវៀតណាម ឡាវ ថៃ ឥណ្ឌា ប៉ាគីស្ថាន អង់គ្លេស អាមេរិក កាណាដា ហូឡង់ អូស្ត្រាលីជាដើម។ ពួកវាបានប្រែបន្ទប់រៀនក្លាយទៅជាបន្ទប់ឃុំឃាំង ដោយបិទជិតជុំវិញ។ ពួកគេឃុំឃាំងអ្នកទោសក្នុងបន្ទប់តូចមួយ ដែលមានទំហំ ១.៦ ម៉ែត្រការ៉េ ដោយដាក់ខ្នោះជើងទាំងពីរ។ រាល់ថ្ងៃ អង្គរក្សពន្ធនាគារទៅត្រួតពិនិត្យអ្នកទោស ៤ ដង ប្តូរខ្នោះជើងណាខូច។ ការធ្វើទារុណកម្មនៅក្នុងពន្ធនាគារ គឺដកក្រចកដៃ ក្រចកជើង ជះទឹកអាស៊ីតទៅលើមុខ កាប់ដោយពូថៅ និងឲ្យភ្លើងឆក់។ល។ រាល់ថ្ងៃ ឈាមរបស់អ្នករងគ្រោះបាញ់ប្រឡាក់នៅលើជញ្ជាំង និងខឿនផ្ទះ។ ប៉ុល ពត បានសម្លាប់អ្នកទោសនៅគុកទួលស្លែង ហើយដឹកសាកសពអ្នកទោសទៅកប់នៅវាលស្រែជើងឯក។

ថ្ងៃមួយ ទាហាន ប៉ុល ពត ម្នាក់ឈ្មោះ អាធី បានមកសួរខ្ញុំថា “តើអ្នកចេះជួសជុលម៉ាស៊ីនដែរឬទេ?”។ ខ្ញុំថា “ចេះ” ហើយវាបានយកខ្ញុំទៅជួសជុលម៉ាស៊ីនដេរចំនួនប្រហែល ៣០ គ្រឿង។ មិនយូរប៉ុន្មានក្រោយមក ខ្មែរក្រហមបានយកខ្ញុំទៅឃុំឃាំងនៅបន្ទប់កណ្តាល។ ពេលថ្ងៃត្រង់ ពួកគេបានដេញយើងខ្ញុំទាំង ១៨ នាក់ចេញពីបន្ទប់ទៅកន្លែងមួយដែលយើងទាំងអស់គ្នាមិនដឹងជាកន្លែងណាសោះ។

នៅពេលដែលយើងខ្ញុំមកដល់ព្រៃស តាមផ្លូវជាតិលេខ ៤ យើងខ្ញុំបានជួបកងទ័ពស្ម័គ្រចិត្តវៀតណាម។ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបាញ់ទៅលើទាហាន ប៉ុល ពត។ ពួក ប៉ុល ពត ក៏បាញ់សងវិញ។ នៅពេលដែល ទាហាន ប៉ុល ពត ដែលឃុំខ្ញុំ ប្តូរបងកាំភ្លើង ខ្ញុំបានរត់ចូលក្នុងព្រៃ។ ក្រោយសង្គ្រាម ខ្ញុំបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ប៉ុន្តែ ប៉ុល ពត បានសម្លាប់ប្រពន្ធ និងកូន ៤ នាក់របស់ខ្ញុំហើយ។

ឧក្រិដ្ឋកម្មរបស់ ប៉ុល ពត នៅគុកទួលស្លែងមានភាពច្បាស់ក្រឡែក ក៏ប៉ុន្តែមានអ្នកណាមួយនោះបាននិយាយថា ពន្ធនាគារទួលស្លែងត្រូវបានបង្កើតឡើងដោយវៀតណាម ក្រោយពីផ្ដួលរំលំរបបប៉ុលពត។ នៅពេលដែលខ្ញុំឮគេបំប្លែងការពិតនោះក្នុងនាមជាប្រធានសមាគមជនរងគ្រោះដោយរបបប្រល័យបូជសាសន៍ ខ្ញុំរៀបចំសន្និសីទកាសែតនៅសារមន្ទីរទួលស្លែង ដើម្បីប្រកាសថា សមាគមជនរងគ្រោះនឹងធ្វើបាតុកម្មដើម្បីប្រឆាំងនឹងការឃោសនាបំផ្លើសការពិតទាំងនោះ៕

      (*) យោងតាមការរៀបរាប់របស់លោក ជុំម៉ី ប្រធានសមាគមជនរងគ្រោះដោយរបបប្រល័យបូជសាសន៍ខ្មែរក្រហម។

បកប្រែដោយ Huyen Trang