វៀតណាមនិងកម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យមានប្រសិទ្ធភាពថែមទៀត
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ១៣ ខែមករា នៅរាជធានីភ្នំពេញ គណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយលោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី បានជួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
នៅក្នុងជំនួបនេះ លោក Nguyen Manh Cuong បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១.៣៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥។
រីឯលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ លោកស្រីក៏បានសម្តែងនូវការជឿជាក់ថា នាពេលខាងមុខ សេដ្ឋកិច្ចវៀតណាមនឹងបន្តមានសន្ទុះកំណើនខ្ពស់ក្នុងតំបន់អាស៊ាន និងពិភពលោក។
    |
 |
|
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីការបរទេសវៀតណាមជួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា (រូបថត៖ vnanet.vn) |
ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជាច្រើនដើម្បីលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយខិតខំជម្រុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
គួររំលឹកថា នៅថ្ងៃទី១២ ខែមករា នៅទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចូលជួបសម្តែងការគួរសម លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងជំនួបនេះ លោក Nguyen Manh Cuong បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលកន្លងមក រួមទាំងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព រួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
រីឯលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍លេចធ្លោរបស់វៀតណាម ជាពិសេសអត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ ៨.០២% ក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការងើបឡើងវិញនិងការអភិវឌ្ឍយ៉ាងស្វាហាប់នៃខឿនសេដ្ឋកិច្ចវៀតណាម។
ភាគីទាំងពីរបានចែករំលែកនូវសារៈសំខាន់នៃការសហការគ្នារវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា រក្សានិងលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចសហប្រតិបត្ដិការនាពេលខាងមុខ ដោយហេតុនេះ ធ្វើឱ្យទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែស៊ីជម្រៅ ក៏ដូចជារួមចំណែកដល់ការពង្រឹងស្ថិរភាព ការអភិវឌ្ឍ និងសន្តិភាពនៃតំបន់ផងដែរ៕
បកប្រែដោយ Pham Diep