ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម និងសិង្ហបុរី
កប.អនឡាញ - នៅថ្ងៃទី១២ ខែមករា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ដ្រៃយ៍រដ្ឋាភិបាលវៀតណាម បានជួបជាមួយលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី។
មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកមានការវិវឌ្ឍន៍ជាច្រើន ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសិង្ហបុរីដំណាក់កាល២០២៥-២០៣០។
ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ជាពិសេសក្នុងវិស័យថ្មីៗដែលមានសក្តានុពលជាច្រើនដូចជា៖ កសិកម្ម ថាមពល ការអភិវឌ្ឍ VSIP ២.០ ជំនាន់ថ្មី ឥណទានកាបូន បច្ចេកវិទ្យាឌីជីថល... ព្រមទាំងបន្តធ្វើការជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានដែលមានសាមគ្គីភាព និងអភិវឌ្ឍ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។
    |
 |
|
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ដ្រៃយ៍រដ្ឋាភិបាលវៀតណាម និងលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី (រូបថត៖ vnanet.vn) |
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Nguyen Hoa Binh បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី Gan Kim Yong អំពីការដែលវៀតណាមបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនាពេលថ្មីៗនេះ ដើម្បីកៀរគរធនធានដែលមានគុណភាពខ្ពស់ ជាពិសេសដើមទុនហិរញ្ញវត្ថុដើម្បីបម្រើដល់ដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខរបស់វៀតណាម។ សិង្ហបុរីមានបទពិសោធន៍ជាច្រើនក្នុងវិស័យនេះ ដូច្នេះគណៈប្រតិភូមានបំណងចង់សិក្សា និងស្វែងយល់បទពិសោធន៍អភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់សិង្ហបុរី ដើម្បីដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលទើបបង្កើតនៅវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Gan Kim Yong បានយល់ព្រមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសិង្ហបុរី និងវៀតណាម ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍរួមរបស់អាស៊ាន៕
បកប្រែដោយ Pham Diep