លោករដ្ឋមន្ត្រី Luong Tam Quang អញ្ជើញចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃកម្ពុជា
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមអបអរសាទរខួបទី៨០ ទិវាកំណើតនគរបាលជាតិកម្ពុជា តបតាមការអញ្ជើញរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Luong Tam Quang សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងក្នុងជំនួបនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអរគុណលោករដ្ឋមន្ត្រី Luong Tam Quang និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ / ១៦ ឧសភា ២០២៥)។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។
    |
 |
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោករដ្ឋមន្ត្រី Luong Tam Quang (រូបថត៖ bocongan.gov.vn) |
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាមដែលបានចូលរួមចំណែកដល់ការកសាងធនធានមនុស្សកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិក្ខាកាមកម្ពុជាជាបន្តបន្ទាប់។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រសួងទាំងពីរបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសកិច្ចសហការលើការងារបណ្ដុះបណ្ដាល ការថែរក្សាសន្តិសុខ ស្ថិរភាព ក៍ដូចជាការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមចំណែកលើកកម្ពស់បន្ថែមទៀតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ចំណែក លោកនាយឧត្តមសេនីយ៍ Luong Tam Quang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនទទួលជួបគណៈប្រតិភូ។ ជាមួយគ្នានេះ លោកបានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលកន្លងមក។
លោករដ្ឋមន្ត្រី Luong Tam Quang បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា ហើយមានបំណងចង់ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងទំនុកចិត្តជាមួយកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃប្រទេសនីមួយៗ។
លោករដ្ឋមន្ត្រី Luong Tam Quang មានសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តបានរក្សា និងពង្រឹង នាពេលកន្លងមក។ យន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗត្រូវបានរៀបចំជាប្រចាំ និងមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនៅតែបន្តជា “សសរស្តម្ភ” ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី Luong Tam Quang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ក្រសួងនគរបាលវៀតណាមបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃកម្ពុជាក្នុងការធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ។ កម្លាំងសមត្ថកិច្ច នៃក្រសួងទាំងពីរ ក៏បានសម្របសម្រួលទាន់ពេលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ផ្លាស់ប្តូរព័ត៌មាន ស៊ើបអង្កេត ចាប់ខ្លួនឧក្រិដ្ឋជនដែលបានរត់គេចពីប្រទេសមួយទៅប្រទេសមួយទៀត និងសម្របសម្រួលគ្នាបង្ក្រាបការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មគ្រឿងញៀន...៕
បកប្រែដោយ Thanh Cong