ខេត្តព្រៃវែង និងខេត្ត Dong Thap ចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការ ការពារសន្ដិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន
កប.អនឡាញ - នាថ្ងៃទី ១៥ ឧសភា នៅទីក្រុង Cao Lanh នគរបាលខេត្ត Dong Thap និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) បានរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនឆ្នាំ ២០២៥។
នៅក្នុងកិច្ចប្រជុំ នគរបាលនៃខេត្តទាំងពីរបានពិភាក្សា និងវាយតម្លៃយ៉ាងស៊ីជម្រៅលើទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មានស្ថានភាព និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតំបន់ព្រំដែននាពេលកន្លងមក។
    |
 |
លោកស្រីវរសេនីយ៍ឯក Vo Thi Hoai Ngoc នាយករងទទួលបន្ទុកនគរបាលខេត្ត Dong Thap និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការ ការពារសន្ដិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន |
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់នៃភាគីទាំងពីរបានរក្សាកិច្ចប្រជុំជាប្រចាំ ផ្លាស់ប្តូរព័ត៌មាន និងវាយតម្លៃស្ថានភាព និងលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងកំណត់ហេតុដែលបានចុះហត្ថលេខា និងដាក់ទិសដៅសម្រាប់ការអនុវត្ត។
នគរបាលខេត្ត Dong Thap និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការគ្នាការពារខ្សែព្រំដែន បង្គោលព្រំដែនប្រកបដោយសុវត្ថិភាព មិនទុកអោយកើតឡើងសកម្មភាពដែលបង្កឱ្យមានការបែកបាក់សាមគ្គីភាព និងមិត្តភាពរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តទាំងពីរ។ ទន្ទឹមនឹងនោះ ខេត្តទាំងពីរក៏ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្ម គ្រឿងញៀន ការជួញដូរមនុស្ស និងអំពើប្លន់ប្រដាប់អាវុធ។ ដោះស្រាយរាល់បញ្ហាស្មុគ្រស្មាញរវាងប្រជាជននៅសងខាងព្រំដែន រក្សាខ្សែព្រំដែនប្រកបដោយសន្តិភាព និងស្ថិរភាព និងបង្កើតលក្ខខណ្ឌជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ព្រំដែននៃខេត្តទាំងពីរ។
ដើម្បីរក្សា និងពង្រឹងទំនាក់ទំនងការបរទេសជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៅតាមតំបន់ព្រំដែន នគរបាលខេត្ត Dong Thap និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំសកម្មភាពជាប្រចាំ ដូចជាការសួរសុខទុក្ខ និងអបអរសាទរប្រទេសទាំងពីរក្នុងឱកាសបុណ្យប្រពៃណី និងបុណ្យចូលឆ្នាំថ្មី។
នៅទីបញ្ចប់ នគរបាលខេត្ត Dong Thap និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឯកភាពលើខ្លឹមសារសម្របសម្រួលចំនួន ១២ និងបានចុះហត្ថលេខាលើផែនការសម្របសម្រួលស្ដីពីការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនឆ្នាំ ២០២៥ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជា និងទំនាក់ទំនងសហប្រតិបត្តិការរវាងនគរបាលខេត្ត Dong Thap និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕
បកប្រែដោយ Pham Diep