ជាកិច្ចចាប់ផ្តើម សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Nguyen Minh Vu ដែលត្រូវបានរដ្ឋាភិបាលវៀតណាមផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។  សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា លោកឯកអគ្គរដ្ឋទូតនិងសហការី នឹងខិតខំពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងទូលំទូលាយខ្លាំងឡើងថែមទៀត រួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ “ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពរឹងមាំ យូរអង្វែងនិងគ្រប់ជ្រុងជ្រោយ” លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងវិស័យជាច្រើនទៀត។

leftcenterrightdel
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ vnanet.vn)

លោក Nguyen Minh Vu បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យលោកនិងសហការី បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនេះ។ លោកឯកអគ្គរដ្ឋទូតបានសម្ដែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបានលើកឡើងថា ការបំពេញបេសកកម្មការទូតនៅកម្ពុជាជាកិត្តិយសមួយរបស់លោក។

លោក Nguyen Minh Vu សង្ឃឹមថា សម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូលនឹងបន្តផ្តល់កិច្ចសហការល្អជាមួយស្ថានទូតវៀតណាមដើម្បីឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រទេស និងប្រជាជននៃប្រទេសទំាងពីរ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ជាមួយនឹងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាទាំងពីរនឹងត្រូវបានលើកកម្ពស់ ពង្រឹង និងពង្រីកកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។

ដោយបញ្ជាក់ថា រដ្ឋសភាកម្ពុជាតំណាងឱ្យប្រជាជនកម្ពុជា និងប្តេជ្ញារួមចំណែកថែរក្សាចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលពិភពលោកនិងតំបន់កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថា ប្រទេសទាំងពីរត្រូវពង្រឹងការងារផ្សព្វផ្សាយ និងអប់រំ ដើម្បីប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក  Nguyen Minh Vu បានបញ្ជាក់ជំហររួមគ្នាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិដោយយកប្រជាពលរដ្ឋជាស្នូល។  សម្តេចប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូតសន្យាថានឹងខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទំាងពីរសម្រេចបាន ២០ ពាន់លានដុល្លារក្នុងពេលខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់វៀតណាមលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ រួមទាំងការកែទម្រង់ ការរៀបចំក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយរបស់វៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស To Lam ទន្ទឹមនឹងនោះ សម្តេចប្រធានរដ្ឋសភាបានបង្ហាញការជឿជាក់ថា កិច្ចការនេះរបស់វៀតណាមនឹងទទួលបានជោគជ័យ៕

បកប្រែដោយ Pham Diep