លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី២៩ ខែមេសា នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះជាតិភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរតែងតែប្រកៀកស្មានឹងគ្នា និងឆ្លងកាត់គ្រាលំបាកជាមួយគ្នា មេដឹកនាំទាំងពីរបានឯកភាពថា ដើម្បីឆ្ពោះទៅមុខជាមួយគ្នាក្នុងយុគសម័យថ្មី ភាគីទាំងពីរត្រូវរួបរួមគ្នាបន្ថែមទៀត បន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ និងបណ្តាញសហប្រតិបត្តិការរវាងបក្ស រដ្ឋាភិបាល និងរដ្ឋសភា។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា |
ភាគីទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពឆ្លៀតយកទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញប្រទេសម្ខាងទៀត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ អនុវត្តប្រកបដោយប្រសិទ្ធភាពពិធីសារ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រក្សាយន្តការនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ នគរបាល/មហាផ្ទៃ និងការទូតនៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ។
ភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ និងពង្រីកការផ្លាស់ប្តូររវាងសមាជិករដ្ឋសភា និងសមាជិកសភាវ័យក្មេង ជម្រុញការផ្សព្វផ្សាយអំពីប្រពៃណីនៃចំណងសាមគ្គីភាព និងមិត្តភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានយល់ដឹង និងថែរក្សាទ្រព្វសម្បត្តិដ៏មានតម្លៃនេះ។
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខិតខំសម្រេចឱ្យបានឆាប់នូវគោលដៅ ២០ ពាន់លាន USD ក្នុងទំហំពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមនឹងនោះ សម្របសម្រួលជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងបី វៀតណាម-កម្ពុជា-ឡាវ។
លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ និងទទួលបានសញ្ជាតិនៅពេលដែលបានបំពេញគ្រប់លក្ខខណ្ឌ ព្រមទាំងបង្កភាពងាយស្រួលជាអតិបរមាសម្រាប់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្មនៃប្រទេសនីមួយៗ។
លោកប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ដើម្បីជំរុញគំនិតផ្តួចផ្តើមតភ្ជាប់សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ក៏ដូចជាពង្រឹងការសម្របសម្រួលនៅវេទិកាសភាពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP)។ លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យព្រឹទ្ធសភាកម្ពុជាបង្កើតក្រុមសមាជិកសភាមិត្តភាពជាមួយរដ្ឋសភាវៀតណាមនាពេលឆាប់ៗ៕
បកប្រែដោយ Duy Hoan