កម្ពុជា-ឡាវ-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
កប.អនឡាញ - នាថ្ងៃទី ២៨ ខែកុម្ភៈ កិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១២ បានប្រព្រឹត្តទៅនៅខេត្ត Attapeu ប្រទេសឡាវ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃសន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសឡាវ។
នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ច ភាគីទាំងបីបានផ្តោតលើការពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីវៀតណាមបានស្នើជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក៏ដូចជាជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបីកម្ពុជា-ឡាវ-វៀតណាម។
បច្ចុប្បន្ន ការកសាងផែនការមេ ក៏ដូចជាផែនការសកម្មភាពតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបីកំពុងត្រូវបានតាក់តែងដោយភាគីវៀតណាម។ ទាក់ទងនឹងផែនការសកម្មភាពតភ្ជាប់ខឿនសេដ្ឋកិច្ចទាំង៣ ភាគីទាំងឡាយបានពិនិត្យ និងកំណត់ភារកិច្ច កម្មវិធី និងគម្រោងចំនួន ១៥៨ លើវិស័យសសរស្តម្ភនៃការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំង ៣ រួមមាន ការតភ្ជាប់គោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងបណ្តាខេត្តជាប់ព្រំដែន។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១២ (រូបថត៖ vov.vn) |
ដោយកត់សម្គាល់សំណើរបស់ភាគីវៀតណាម អនុគណៈកម្មការសេដ្ឋកិច្ចឡាវ និងកម្ពុជា បានចាត់ទុកថា ចាំបាច់ត្រូវបន្តពិនិត្យ ដើម្បីឈានដល់ការឯកភាពគ្នា និងដាក់របាយការណ៍ក្នុងសន្និសីទគណៈកម្មាធិការសម្របសម្រួលរួមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដើម្បីជំរុញការអនុវត្តសកម្មភាព។
ទន្ទឹមនឹងនោះ ភាគីឡាវ និងកម្ពុជាក៏បានស្នើឱ្យជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ ដែលវៀតណាមមានប្រៀបខ្លាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍; កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យគេហទំព័ររួមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជាគេហទំព័រព័ត៌មានដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពដើម្បីបង្កើនការទាក់ទាញវិនិយោគចូលទៅក្នុងតំបន់។
បន្ទាប់ពីពិភាក្សា ភាគីទាំងបីបានឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ។ ខ្លឹមសារទាំងនេះត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ។ កំណត់ហេតុនេះនឹងត្រូវបានដាក់ជូនកិច្ចប្រជុំ SOM ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកុម្ភៈ។ លទ្ធផលនៃកិច្ចប្រជុំ SOM នឹងបន្តត្រូវបានដាក់ជូនសន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤៕
បកប្រែដោយ Huyen Trang