កងទ័ពការពារព្រំដែនខេត្ត Son La បើកសម្ពោធ "បន្ទប់រៀននៃសេចក្តីស្រឡាញ់ - ជួយកុមារទៅសាលារៀន" នៅតំបន់ព្រំដែន
កប.អនឡាញ - កាលពីថ្ងៃទី៦ ខែកក្កដា ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Long Sap និងកងទ័ពការពារព្រំដែនខេត្ត Son La ភាគខាងជើងវៀតណាម បានសហការជាមួយសប្បុរសជនរៀបចំពិធីបើកសម្ពោធ ប្រគល់ និងដាក់ឲ្យប្រើប្រាស់គម្រោង "បន្ទប់រៀននៃសេចក្តីស្រឡាញ់ - ជួយកុមារទៅសាលារៀន" និងជំនួយផ្សេងៗទៀតសម្រាប់សាលាចំនួនពីរនៅតំបន់ព្រំដែន។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស រដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ដល់ការសាងសង់មូលដ្ឋាន និងសម្ភារៈសម្រាប់សាលារៀននៅឃុំ Long Sap ស្រុក Moc Chau ខេត្ត Son La។ ប៉ុន្តែ ដោយសារហេតុផលផ្សេងៗគ្នា រហូតមកដល់ពេលនេះ សម្ភារៈប្រើប្រាស់របស់សាលាភាគច្រើន មិនត្រូវបានវិនិយោគព្រមៗគ្នានោះទេ មានការខ្វះខាតបន្ទប់រៀន និងបន្ទប់មុខងារបានធ្លាក់ចុះ។
ក្នុងនាមអង្គភាពឈរជើងក្នុងមូលដ្ឋាន ដើម្បីចែករំលែកការលំបាកខាងលើដល់សាលារៀន ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Long Sap បានអំពាវនាវការឧបត្ថម្ភពីក្រុមហ៊ុន Green Gables និងសប្បុរសជន។
|
|
ប្រតិភូកាត់ខ្សែបូសម្ពោធគម្រោង "បន្ទប់រៀននៃសេចក្តីស្រឡាញ់ - ជួយកុមារទៅសាលារៀន" នៅសាលា A Ma I |
ក្នុងកម្មវិធីនោះ កងទ័ពការពារព្រំដែនខេត្ត Son La និងសប្បុរសជនបានប្រារព្ធពិធីបើកសម្ពោធគម្រោង "បន្ទប់រៀននៃសេចក្តីស្រឡាញ់ - ជួយកុមារទៅសាលារៀន" នៅសាលាចំនួនពីរ គឺ A La និង A Ma I របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ Long Sap ដោយមានបន្ទប់ចំនួន៥ (ថ្នាក់រៀននីមួយៗមានផ្ទៃដី ៦១.៥៦ ម៉ែត្រការ៉េ) និងមានប្រព័ន្ធទឹកស្អាត។
ទន្ទឹមនឹងនោះ សប្បុរសជនក៏បានប្រគល់អំណោយជាច្រើន ដើម្បីបម្រើការសិក្សា និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សរបស់សាលាផងដែរ។ ថវិកាសម្រាប់កម្មវិធីសរុបមានជាង ១.២ ពាន់លានដុង។
ពិធីបើកសម្ពោធគម្រោងនៅសាលាទាំងពីរខាងលើ គឺជាជំនួយដ៏មានតម្លៃ ជាក់ស្តែង ប្រសិទ្ធភាព និងដ៏មានអត្ថន័យចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សនៅតំបន់ព្រំដែន ហើយជាកម្លាំងចលករសម្រាប់សិស្សនៅតំបន់ព្រំដែនទៅថ្នាក់រៀន និងសាលា ហើយមានលក្ខខណ្ឌបង្រៀន និងរៀនកាន់តែប្រសើរ បង្កើតកម្លាំងចលករសម្រាប់សាលាទទួលបានជោគជ័យកាន់តែច្រើនថែមទៀត៕
បកប្រែដោយ Thuy Anh