លោកវរសេនីយ៍ឯក Nguyen Van Lung អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Ben Tre បានឲ្យដឹងថា៖ “ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក កងទ័ពការពារព្រំដែនខេត្តបានសម្របសម្រួលជាមួយមន្ទីរ ស្ថាប័ន អង្គភាព និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ព្រំដែនសមុទ្រ អនុវត្តបានល្អនូវគោលនយោបាយសន្តិសុខសង្គម ថែទាំជីវភាពរស់នៅរបស់គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារក្រីក្រ; ជាពិសេសបានកៀរគរធនធានជួយសាងសង់ផ្ទះចំនួន ១៥៧ ខ្នង ជួយប្រជាជនរក្សាលំនឹងជីវភាពរស់នៅ រួមចំណែកជាមួយមូលដ្ឋានលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកសាងជនបទថ្មីឲ្យបានល្អ”។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Ben Tre ចូលរួមកសាងផ្ទះមហាសាមគ្គីនៅតំបន់ឈរជើង

ជាពិសេស ជ្រោមជ្រែងចលនា “ពួតដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម” ចាប់ពីដើមឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ កងទ័ពការពារព្រំដែនខេត្តបានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Ben Tre ធនាគារយោធា (MB Bank) និងអង្គភាពអាជីវកម្មក្នុង និងក្រៅខេត្ត រៀបចំពិធីប្រគល់ផ្ទះចំនួន ២៣ ខ្នងជូនប្រជាជន និងគ្រួសារយោធិនដែលជួបការលំបាក។ នេះគឺជាផ្នែកមួយក្នុងសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល; ខួបលើកទី ៦៥ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន និងខួបលើកទី ៣៥ នៃទិវាការពារព្រំដែនដោយប្រជាជនទាំងមូល ក្នុងគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនសមុទ្រនៃខេត្ត។

ទទួលស្វាគមន៍យើងខ្ញុំនៅក្នុងផ្ទះថ្មីដ៏ធំទូលាយដែលសាងសង់ដោយកងទ័ពការពារព្រំដែនខេត្ត និងអង្គភាពសំណង់ លោកស្រី Huynh Thi Sang (អាយុ ៧៦ ឆ្នាំ) នៅឃុំ Bao Thanh ស្រុក Ba Tri (ខេត្ត Ben Tre) បានចែករំលែកថា៖ “អាស្រ័យដោយការគាំទ្រ និងការពួតដៃរបស់សប្បុរសជន និងពូៗកងទ័ពការពារព្រំដែន មិនត្រឹមតែគ្រួសារខ្ញុំប៉ុណ្ណោះទេ ថែមទាំងគ្រួសារផ្សេងទៀតជាច្រើនមានផ្ទះរឹងមាំ ដែលនាំមកនូវក្តីរីករាយ ជួយឲ្យយើងខ្ញុំជម្នះពុះពារការលំបាក និងរក្សាលំនឹងជីវភាពរស់នៅទៀតផង។ មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនមានភាពជិតស្និទ្ធជាប្រចាំ”។

leftcenterrightdel
តំណាងថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Ben Tre និងគណៈកម្មាធិការបក្សនៅមូលដ្ឋាន ប្រគល់ផ្ទះមហាសាមគ្គី ដល់ប្រជាជននៅឃុំ Thua Duc ស្រុក Binh Dai (ខេត្ត Ben Tre) នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤

លោកស្រី Tran Thi Minh Chau អនុប្រធានឃុំ Tan Thuy ស្រុក Ba Tri បានឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមក មូលដ្ឋានទទួលបានការគាំទ្រយ៉ាងសកម្មពីកម្លាំងកងទ័ពការពារព្រំដែន ជាពិសេសប៉ុស្តិ៍ការពារព្រំដែន Ham Luong ដែលឈរជើងនៅក្នុងតំបន់ ចូលរួមកសាងជនបទថ្មី ជួយសាងសង់ផ្ទះ និងកៀរគរថវិកាសម្រាប់ការងារសុខុមាលភាពសង្គម ដោយហេតុនោះ រួមចំណែកដល់ការសម្រេចលក្ខណៈវិនិច្ឆ័យជនបទថ្មីរបស់មូលដ្ឋាន”។

បើតាមមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Ben Tre នាពេលខាងមុខ អង្គភាពនឹងបន្តសម្របសម្រួលជាមួយមន្ទីរ ស្ថាប័ន អង្គភាព និងអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រំដែនសមុទ្រ ដើម្បីកៀរគរធនធានទាំងអស់ជួយឲ្យប្រជាពលរដ្ឋក្រីក្រជំនះពុះពារការលំបាក និងគ្រួសារទទួលរបបពីរដ្ឋដែលជួបការលំបាកខាងលំនៅដ្ឋាន រួមចំណែកដោះស្រាយគោលនយោបាយសន្តិសុខសង្គមក្នុងមូលដ្ឋានឲ្យបានល្អ; ជំរុញសកម្មភាពឆ្ពោះទៅព្រំដែនសមុទ្រ អនុវត្តបានល្អនូវចលនា “ចលនាមហាជនយ៉ាងប៊ិនប្រសប់” “អង្គភាពធ្វើចលនាមហាជនល្អ” ជាប់ពាក់ព័ន្ធនឹងការអនុវត្តចលនា “កងទ័ពការពារព្រំដែនរួមកម្លាំងកសាងជនបទថ្មី” “កងទ័ពការពារព្រំដែនពួតដៃគ្នាដើម្បីជនក្រីក្រ”។ល។

តាមរយៈសកម្មភាពមនុស្សធម៌ និងអត្ថន័យរបស់កងទ័ពការពារព្រំដែនខេត្ត Ben Tre មិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាព របស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហគមន៍ធុរកិច្ចចំពោះប្រជាជននៅតំបន់ព្រំដែនសមុទ្រទៀតផង៕

បកប្រែដោយ Huyen Trang