អ្នកយកព័ត៌មាន៖ បាទលោក នេះគឺជាដំណើរដ៏ឆ្ងាយបំផុត និងវែងបំផុតសម្រាប់កងទ័ពជើងទឹកប្រជាជនវៀតណាម ក្នុងបេសកកម្មការទូតការពារជាតិរបស់ខ្លួន។ ដូច្នេះ តើអ្វីជាគោលបំណង និងសារៈសំខាន់នៃបេសកកម្មនេះ?
លោកវរសេនីយ៍ឯក Nguyen Minh Lanh៖ នេះគឺជាបេសកកម្មដ៏សំខាន់មួយសម្រាប់នាយទាហាន និងយុទ្ធជននៃនាវាលេខ 016-Quang Trung កងពលតូចលេខ ១៦២ ជាពិសេស និងតំបន់ ៤ កងទ័ពជើងទឹកនិយាយរួម ដោយមានគោលបំណងអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ ព្រមទាំងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ សកម្មភាពនានាក្នុងអំឡុងពេលបេសកកម្មនេះផ្តល់នូវឱកាសដ៏មានតម្លៃដើម្បីបង្កើនការសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែនសមុទ្ររួម ពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងកងទ័ពជើងទឹកនៃប្រទេសដែលចូលរួម ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
លើសពីនេះ ដំណើរកម្សាន្តនេះក៏ជួយពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងប្រដាប់អាវុធ និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ស្របតាមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។ នេះក៏ផ្តល់នូវឱកាសសម្រាប់ការហ្វឹកហ្វឺនការធ្វើដំណើរចម្ងាយឆ្ងាយនៅលើសមុទ្រ លើកស្ទួយសមត្ថភាពសម្រាប់ការបញ្ជា និងការគ្រប់គ្រងសម្របសម្រួល ការត្រៀមខ្លួនប្រយុទ្ធ និងជំនាញក្នុងការប្រតិបត្តិសព្វាវុធ និងឧបករណ៍បច្ចេកទេសសម្រាប់កងទ័ពក្រោមលក្ខខណ្ឌនៃប្រតិបត្តិការរយៈពេលយូរនៅលើសមុទ្រ និងការប្រមូលបទពិសោធន៍ក្នុងការចូលរួម និងរៀបចំព្រឹត្តិការណ៍ពហុភាគីអន្តរជាតិ។
យើងមានកិត្តិយសណាស់ដែលត្រូវបានប្រគល់ភារកិច្ចនេះដោយថ្នាក់ដឹកនាំបញ្ជាការនៃកងទ័ពជើងទឹកវៀតណាម។ នេះជាលើកទីពីរហើយដែលនាវាកងទ័ពជើងទឹកវៀតណាមបានចូលរួមក្នុងលំហាត់សមយុទ្ធ Kakadu។ ពីមុនមក គ្មាននាវាកងទ័ពជើងទឹកវៀតណាមណាមួយដែលបានបំពេញបេសកកម្មការទូតការពារជាតិផ្លូវឆ្ងាយ និងរយៈពេលយូរបែបនេះទេ។
    |
 |
|
ទិដ្ឋភាពនៃពិធីទទួលស្វាគមន៍នាវាលេខ 016-Quang Trung និងគណៈប្រតិភូ |
អ្នកយកព័ត៌មាន៖ តើក្រុមការងារ និងនាវាលេខ 016-Quang Trung ត្រូវយកឈ្នះលើបញ្ហាប្រឈមអ្វីខ្លះ ដើម្បីបំពេញបេសកកម្មដ៏សំខាន់នេះដោយជោគជ័យ បាទលោក?
លោកវរសេនីយ៍ឯក Nguyen Minh Lanh៖ មានបញ្ហាប្រឈមជាច្រើន។ តម្រូវការនៃបេសកកម្មការទូតការពារជាតិគឺខ្ពស់ណាស់ ដំណើរមានរយៈពេលយូរ និងលំបាក អាកាសធាតុប្រែប្រួល មានភាពខុសគ្នានៃពេលវេលា សមុទ្រមិនធ្លាប់ស្គាល់ និងមានគ្រោះថ្នាក់... ទាមទារសុខភាពល្អជាប្រចាំ វិន័យតឹងរ៉ឹង និងជំនាញវិជ្ជាជីវៈរឹងមាំ (ទាំងជំនាញ ភាសាបរទេស និងបទពិសោធន៍ធ្វើការក្នុងបរិយាកាសពហុភាគី)។
ពេលវេលាដើម្បីរៀបចំសម្រាប់ការធ្វើដំណើរមិនមានរយៈពេលយូរទេ ហើយវាស្របគ្នានឹងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ប៉ុន្តែដោយមានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងជិតស្និទ្ធពីមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹក និងមេបញ្ជាការតំបន់៤ ក្រុមការងារ និងក្រុមនាវិកបានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃបេសកកម្មការទូតការពារជាតិនេះ ហើយដូច្នេះបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងយ៉ាងល្អិតល្អន់ទាក់ទងនឹងបុគ្គលិក នាវា ឧបករណ៍បច្ចេកទេស និងភស្តុភារ។ល។ ក្នុងពេលជាមួយគ្នានេះ យើងខ្ញុំបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីអនុវត្តបេសកកម្មនេះតាមផែនការ។
Kakadu គឺជាលំហាត់ប្រយុទ្ធពហុភាគីដែលរៀបចំដោយប្រទេសអូស្ត្រាលីរៀងរាល់ពីរឆ្នាំម្តង។ ក្នុងក្របខណ្ឌនៃសមយុទ្ធ Kakadu 2026 ការចូលរួមក្នុងក្បួនដង្ហែ ការថតរូបពីលើអាកាសនៃការរៀបចំក្បួនដង្ហែ លំហាត់នៅកំពង់ផែ ការផ្លាស់ប្តូរវប្បធម៌ និងកីឡា... នាវា 016-Quang Trung និងក្រុមការងារបានបង្ហាញយ៉ាងល្អពីវិជ្ជាជីវៈ ជំនាញ ការអភិវឌ្ឍទំនើប រហូតដល់វិន័យរបស់កងទ័ពជើងទឹកវៀតណាមតាមរយៈសកម្មភាពទាំងអស់។
ដោយមានការរៀបចំយ៉ាងហ្មត់ចត់គ្រប់ទិដ្ឋភាព វិន័យខ្ពស់ និងសាមគ្គីភាព សមត្ថភាពវិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការទូតការពារជាតិ ក្រុមការងារ និងនាវា 016-Quang Trung បានបញ្ចប់បេសកកម្មដោយជោគជ័យ សម្រេចបាននូវគោលបំណង និងតម្រូវការដែលបានកំណត់ និងធានាសុវត្ថិភាពដាច់ខាតគ្រប់ទិដ្ឋភាព។
    |
 |
|
លោកវរសេនីយ៍ឯក Nguyen Minh Lanh អនុប្រធានសេនាធិការនៃតំបន់ ៤ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងជាប្រធានក្រុមការងារលើនាវា 016-Quang Trung (ខាងឆ្វេង) |
អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់ខ្លួនលោកពីបេសកកម្មនេះបានទេ?
លោកវរសេនីយ៍ឯក Nguyen Minh Lanh៖ ក្នុងនាមជាមនុស្សម្នាក់ដែលបានចូលរួមក្នុងបេសកកម្មការទូតការពារជាតិជាច្រើន បេសកកម្មនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅមកលើខ្ញុំ។ ជាដំបូង និងសំខាន់បំផុត គឺជាកិត្តិយស និងមោទនភាពខ្ញុំដោយទទួលបានការជឿទុកចិត្តពីថ្នាក់លើឲ្យដឹកនាំបេសកកម្មនេះ ដោយអមដំណើរនាវា 016-Quang Trung ក្នុងដំណើររបស់ខ្លួនពីកំពង់ផែ Cam Ranh ទៅកាន់ Darwin, Jervis Bay, Sydney, Cairns... ទៅកាន់តំបន់សមុទ្រដែលនាវាចម្បាំងវៀតណាមបានទៅទស្សនាជាលើកដំបូងបង្អស់។ ទីតាំងនីមួយៗនៅក្នុងប្រទេសអូស្ត្រាលី ដែលនាវាកងទ័ពជើងទឹករបស់យើងបានចូលចតជាលើកដំបូង តំបន់សមុទ្រថ្មីនីមួយៗ និងដំណើរនីមួយៗដែលនាវារបស់យើងបានធ្វើ ពិតជាការបញ្ជាក់ពីការរីកចម្រើនរបស់យុទ្ធជនម្នាក់ៗ។ ក្នុងនោះ យុទ្ធជនវ័យក្មេងមានជំហរនយោបាយរឹងមាំ មានសមត្ថភាពប្រកបដោយវិជ្ជាជីវៈ និងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការក្នុងបរិយាកាសអន្តរជាតិក្នុងអំឡុងពេលបំពេញបេសកកម្មនេះ នឹងក្លាយជាធនធានដ៏មានតម្លៃដែលរួមចំណែកដល់ការកសាងកងទ័ពជើងទឹកវៀតណាមរៀបរយ និងទំនើបៗ។
លើសពីនេះ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ច កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីកងទ័ពជើងទឹកអូស្ត្រាលី និងភ្នាក់ងារពាក់ព័ន្ធរបស់ភាគីមិត្ត ដែលបានជួយយើងខ្ញុំបញ្ចប់បេសកកម្មនេះដោយជោគជ័យ។ ជាពិសេស ក្នុងអំឡុងពេលដ៏មមាញឹកនៃលំហាត់សមយុទ្ធ Kakadu 2026 លោកឧត្តមនាវីទោ Mark Hammond មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី បានចូលរួមពិធីលាងសាយភោជន៍ទទួលភ្ញៀវនៅលើនាវាលេខ 016-Quang Trung នៅល្ងាចថ្ងៃទី ២៣ ខែមីនា នៅទីក្រុងស៊ីដនី ដែលបង្ហាញពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី ចំពោះកងទ័ពជើងទឹកប្រជាជនវៀតណាមនិយាយដោយលែក និងកងទ័ពប្រជាជនវៀតណាមនិយាយរួម។
ចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានមួយទៀតគឺភាពកក់ក្តៅ និងការទទួលស្វាគមន៍របស់ជនរួមជាតិរបស់យើងនៅក្នុងប្រទេសអូស្ត្រាលីចំពោះនាវិក និងសមាជិកនៃគណៈប្រតិភូ។ អ្នកដែលចូលរួមក្នុងពិធីទទួលភ្ញៀវនៅលើនាវាលេខ 016-Quang Trung នៅទីក្រុងស៊ីដនី មិនត្រឹមតែជាតំណាងមកពីកងទ័ពជើងទឹកនៃប្រទេសនានាដែលចូលរួមក្នុងលំហាត់សមយុទ្ធ Kakadu 2026 ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី លោក Pham Hung Tam អនុព័ន្ធយោធាវៀតណាមនៅប្រទេសអូស្ត្រាលី និងអាណិកជនវៀតណាម កម្មាភិបាល និងនិស្សិតវៀតណាមជាច្រើនដែលធ្វើការ និងសិក្សានៅតាមទីក្រុងនានាទូទាំងប្រទេសអូស្ត្រាលីផងដែរ។ ប្រតិភូទាំងអស់បានសម្តែងនូវមោទនភាព និងក្តីរំជួលចិត្តយ៉ាងខ្លាំងដោយបានមើលឃើញផ្ទាល់នាវាកងទ័ពជើងទឹកដែលបានដោតទង់ជាតិក្រហមមានរូបផ្កាយមាសបក់រវិចៗចុះចត់នៅកំពង់ផែស៊ីដនីជាលើកដំបូង។ ជាការពិតណាស់ក្តីមោទនភាពរបស់ប្រតិភូក៏ជាមោទនភាពរបស់យើងខ្ញុំផងដែរ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Minh Trung