អេស្តូនីយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម
កប.អនឡាញ - នៅរសៀលថ្ងៃទី ២២ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Margus Tsahkna រដ្ឋមន្ត្រីការបរទេសអេស្តូនី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
លោក Le Minh Hung នាយករដ្ឋមន្ត្រី បានអបអរសាទរអេស្តូនីចំពោះសមិទ្ធផលអភិវឌ្ឍន៍នាពេលកន្លងមក ជាពិសេសការដែលអេស្តូនីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននៅអឺរ៉ុបកណ្តាល និងខាងកើត និងជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅលើពិភពលោក។ លោកបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី ក្នុងនោះ អេស្តូនីជាដៃគូអាទិភាពនៅក្នុងតំបន់ Baltic និងជាសមាជិកសកម្មនៃសហភាពអឺរ៉ុប (EU)។
    |
 |
|
ប្រទេសអេស្តូនីយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម (រូបថត៖ baochinhphu.vn) |
ដោយផ្អែកលើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ លោក Le Minh Hung នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរបង្កើនជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ ដើម្បីលើកកម្ពស់ទំនុកចិត្តនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលខាងមុខ។ លោកស្នើឲ្យភាគីទាំងពីរអនុវត្តយ៉ាងសកម្មនូវសសរស្តម្ភសំខាន់ៗរបស់ប្រទេសទាំងពីរលើការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងការអប់រំ និងបណ្តុះបណ្តាល។
លោក Margus Tsahkna បញ្ជាក់ថា ប្រទេសអេស្តូនី យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតមួយរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយចង់ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជម្រុញឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព។ លោក Margus Tsahkna បានបញ្ជាក់ថា ប្រទេសអេស្តូនីត្រៀមខ្លួនរួចជាស្រេចអនុវត្តទិសដៅនានាដែលលើកឡើងដោយលោក Le Minh Hung នាយករដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាព។ លោកបានសង្កត់ធ្ងន់ថា ប្រទេសអេស្តូនីនឹងគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីជីថល និង AI៕
បកប្រែដោយ Thuy Anh