វាគ្មិនសំខាន់ៗនៅក្នុងវេទិការួមមាន លោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីប្រតិភូជាង ២០០ នាក់មកពីធុរកិច្ចវៀតណាម ធុរកិច្ចនៃប្រជាជនដើមកំណើតវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា និងធុរកិច្ចកម្ពុជាក្នុងវិស័យផ្សេងៗ។

leftcenterrightdel
លោក Nguyen Minh Vu​ មានប្រសាសន៍ក្នុងព្រឹត្តិការណ៍ (រូបថត៖​ vnanet.vn)

នៅក្នុងសុន្ទរកថាបើកវេទិកា លោក Nguyen Minh Vu សម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងកម្ពុជានាពេលកន្លងមកនេះ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាវិនិយោគិនធំទីប្រាំរបស់កម្ពុជា ដោយមានគម្រោងចំនួន ២២៣ ជាមួយដើមទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក។ លោក Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់ធុរកិច្ចវៀតណាមនៅកម្ពុជា។ លោកចាត់ទុកថា ធុរកិច្ចវៀតណាមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដោយជួយបង្កើតការងារសម្រាប់ពលករកម្ពុជា រួមចំណែកដល់ថវិការដ្ឋកម្ពុជា និងលើកកម្ពស់សុខុមាលភាពសង្គមនៅក្នុងមូលដ្ឋាន។

យោងតាមលោក Nguyen Minh Vu កិច្ចសន្ទនាធុរកិច្ចឆ្នាំ២០២៦ គឺជាឱកាសសម្រាប់ធុរកិច្ចវៀតណាម យល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ និងឱកាសវិនិយោគនៅមូលដ្ឋាន តាមនោះ កំណត់ផែនការ និងយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងសមស្របនៅកម្ពុជា។

leftcenterrightdel
"កិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦" ត្រូវបានធ្វើឡើងនៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំនៅភ្នំពេញ (រូបថត៖ vnanet.vn)

ស្ថានទូតតែងតែទទួលយកយោបល់ និងសំណើរបស់ធុរកិច្ចវៀតណាម និងធុរកិច្ចនៃប្រជាជនដើមកំណើតវៀតណាម ដើម្បីពិភាក្សាជាមួយស្ថាប័នមានសមត្ថកិច្ចកម្ពុជា និងរាយការណ៍ដល់ក្រសួង ស្ថាប័ន និងមូលដ្ឋានវៀតណាម ដើម្បីពិចារណា និងដោះស្រាយ ក្នុងគោលបំណងបង្កើតបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មអំណោយផលសម្រាប់ធុរកិច្ច។

នៅក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយប្រតិភូកម្ពុជា បានកោតសរសើរចំពោះអត្ថន័យនៃកម្មវិធីនេះ ដោយបញ្ជាក់ថា កិច្ចសន្ទនាធុរកិច្ចឆ្នាំ២០២៦ បានរួមចំណែកដល់ការអនុវត្តទិសដៅយុទ្ធសាស្ត្រលើយន្តការសេដ្ឋកិច្ចថ្មីដែលត្រូវបានពិភាក្សាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម កាលពីដើមខែកុម្ភៈកន្លងទៅ។

យោងតាមអ្នកឧកញ៉ា គិត ម៉េង កិច្ចព្រមព្រៀងជម្រុញពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២៥-២០២៦ គឺជាកម្លាំងចលករសម្រាប់ជម្រុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេលពីរឆ្នាំកន្លងមក។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់មាតួនាទីសំខាន់ៗក្នុងនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា។

នៅកិច្ចពិភាក្សាស្តីពីវិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថលក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ប្រតិភូទាំងឡាយបានពិភាក្សា និងចែករំលែកព័ត៌មានស្តីពីគោលនយោបាយ ឱកាសវិនិយោគនិងធ្វើអាជីវកម្ម និងចែករំលែកបទពិសោធន៍ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា ដោយដាក់ស្នើអនុសាសន៍ជាច្រើនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh