លោកឧត្តមសេនីយ៍ឯក Nguyen Van Hien ជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី
កប.អនឡាញ - ក្នុងឱកាសអមដំណើរលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ីតាលី លោកឧត្តមសេនីយ៍ឯក Nguyen Van Hien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី។
នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នារក្សា និងបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងសម្របសម្រួលការរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៦ នៅប្រទេសអ៊ីតាលី និងក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិនាពេលឆាប់ៗ ពង្រឹងកិច្ចសហប្រតិបត្តិការលើឧបករណ៍ការពារជាតិ ការបោសសម្អាតមីនក្រោយសង្គ្រាម សន្តិសុខតាមអ៊ីនធឺណិត និងវិស័យផ្សេងៗទៀតដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Van Hien និងលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី |
វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយអ៊ីតាលីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ និងស្រាវជ្រាវពីការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការរក្សាសន្តិភាពនាពេលខាងមុខ។ ស្តីពីការបណ្តុះបណ្តាល វៀតណាមត្រៀមខ្លួនជាស្រេចទទួលនាយទាហានអ៊ីតាលីមកយសិក្សាភាសាវៀតណាម និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីការពារជាតិអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប។
លោកឧត្តមសេនីយ៍ឯក Nguyen Van Hien បានស្នើឱ្យអ៊ីតាលីពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធាប្រចាំនៅវៀតណាម ដើម្បីរួមចំណែកដល់ការអនុវត្តសកម្មភាពសហប្រតិបត្តិការការពារជាតិទ្វេភាគីប្រកបដោយប្រសិទ្ធភាព។
លោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រី បានសម្តែងនូវទំនុកចិត្តថា ទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមរបស់តំបន់ និងពិភពលោក៕
បកប្រែដោយ Huyen Trang