លោកឧត្តមសេនីយ៍ឯក Dong Jun បានអបអរសាទរចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ហើយចាត់ទុកថា ភាគីទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបង្វឹកបង្ហាត់ ការងារបក្ស និងការងារនយោបាយរវាងកងទ័ពនៃប្រទេសទាំងពីរនាពេលខាងមុខ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Dong Jun

លោកនាយឧត្តមសេនីយ៍ Phan Van Giang សម្តែងសេចក្តីសោមនស្សរីករាយដោយបានជួបជាមួយលោកឧត្តមសេនីយ៍ឯក Dong Jun ហើយសង្កត់ធ្ងន់ថា កាលពីខែមីនា ភាគីទាំងពីរបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ "៣+៣" ថ្នាក់រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីនគបាលវៀតណាម-ចិន។ ជាពិសេស បន្ទាប់ពីកិច្ចសន្ទនា "៣+៣" ភាគីទាំងពីរបានរៀបចំដោយជោគជ័យនូវជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ នៅខេត្ត Quang Ninh (វៀតណាម) និងតំបន់ស្វយ័តក្វាងស៊ីជួង (ចិន) ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាព ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងរវាងប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជម្រុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។

នាពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីត្រូវបានចាត់ទុកជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងវៀតណាម-ចិន ដែលបង្ហាញតាមរយៈវិស័យសហប្រតិបត្តិការផ្សេងៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានាក្នុងកងទ័ព ការអប់រំ និងបណ្តុះបណ្តាល និងឧស្សាហកម្មការពារជាតិ៕

បកប្រែដោយ Thuy Anh