នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងលោក Musa Heybet បានឯកភាពថា ការពារជាតិគឺជាវិស័យសហប្រតិបត្តិការដ៏សំខាន់មួយក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយនៅពេលដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបើកការិយាល័យអនុព័ន្ធយោធាអចិន្ត្រៃយ៍នៅក្នុងប្រទេសនីមួយៗក្នុងឆ្នាំ២០២៥។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការស្វែងរក និងជួយសង្គ្រោះ ការបោសសម្អាតមីនក្រោយសង្គ្រាម ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព សន្តិសុខតាមអ៊ីនធឺណិត និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ពិភាក្សាជាមួយលោក Musa Heybet

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍កម្មាភិបាលទួរគីមកសិក្សាភាសាវៀតណាម និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅវៀតណាម។ លោកបានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌអាស៊ាន។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានអញ្ជើញលោកអនុរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងសហគ្រាសការពារជាតិទួរគី ឱ្យចូលរួម និងដាក់តាំងបង្ហាញផលិតផលនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោក Musa Heybet

លោក Musa Heybet បានបញ្ជាក់ថា ក្រសួងការពារជាតិទួរគីនឹងចាត់បញ្ជូនគណៈប្រតិភូ និងសហគ្រាសចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦។ លោកក៏បានសម្តែងនូវគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយវៀតណាម រួមទាំងការជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាលធនធានមនុស្ស ឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព។ ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ទួរគីត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ៕

បកប្រែដោយ Huyen Trang