លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចរចារវាងលោក Robert Kalinak ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី និងលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម  ព្រមទាំងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ត្រូវបានអនុវត្តដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដែលបានក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាលយោធិននិងការរក្សាសន្តិភាព។ល។

leftcenterrightdel
លោក To Lam អគ្គលេបក្សកុម្មុយនិស្តវៀតណាមទទួលជួបលោក Robert Kalinak ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី (រូបថត៖ nhandan.vn)

ដោយឈរលើទំនុកចិត្តនយោបាយខ្ពស់ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះ បង្កើនប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យរីកចម្រើនប្រកបដោយជាក់ស្តែង ទូលំទូលាយ និងនិរន្តរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ តភ្ជាប់ និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយធ្វើឱ្យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ nhandan.vn)

លោក Robert Kalinak ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី បានបញ្ជាក់ថារដ្ឋាភិបាល និងប្រជាជនស្លូវ៉ាគីតែងតែចង់ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយវៀតណាម ជាពិសេសក្នុងវិស័យការពារជាតិ ក៏ដូចជាវិស័យដែលភាគីទាំងពីរមានផលប្រយោជន៍ទៅវិញទៅមក។ លោក Robert Kalinak បានយល់ស្របទាំងស្រុងជាមួយនឹងយោបល់របស់លោក To Lam អគ្គលេបក្ស ដោយបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នរបស់ស្លូវ៉ាគី និងដៃគូវៀតណាម ដើម្បីអភិវឌ្ឍទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី ស្របតាមកម្រិត និងសក្តានុពលដែលមានស្រាប់។

លោក Robert Kalinak ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ព្រមទាំងសម្តែងនូវបំណងចង់ឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអង្គការអន្តរជាតិ ក៏ដូចជាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang