ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ស្លូវ៉ាគី
កប.អនឡាញ - នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Robert Kalinak ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី ក្នុងឱកាសបំពេញទស្សកិច្ចផ្លូវការនៅប្រទេសវៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានចូលរួមកិច្ចពិភាក្សា។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរបស់លោក Robert Kalinak ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី មានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) ដែលបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រួមចំណែកដល់ការអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលចុះហត្ថលេខាក្នុងឆ្នាំ២០១៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណារបស់លោក Martin Glvac រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Robert Kalinak |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយស្លូវ៉ាគី។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្កត់ធ្ងន់ថា ប្រជាជនវៀតណាមតែងចង់ចាំចំពោះជំនួយរបស់ស្លូវ៉ាគីក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិនាអតីតកាល និងការអភិវឌ្ឍជាតិ ការធ្វើសមាហរណកម្មអន្តរជាតិនាពេលបច្ចុប្បន្ន។
នៅក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។
នាពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគី ទទួលបានការយកចិត្តទុកដាក់ពីភាគីទាំងពីរ ហើយត្រូវបានអនុវត្តស្របតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ ដោយសម្រេចបានលទ្ធផលវិជ្ជមាន។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិ ស្របតាមការអភិវឌ្ឍដ៏ល្អ និងកាន់តែជិតស្និទ្ធនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើតយន្តការសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងការជម្រុញកិច្ចសហប្រតិបត្តិការ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី យកចិត្តទុកដាក់ និងចាត់បញ្ជូនអនុព័ន្ធយោធាស្លូវ៉ាគីមកបំពេញបេសកកម្មនៅប្រទេសវៀតណាម ក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើជាស្ពានជួយអនុវត្តកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាពគ្នា។
ភាគីទាំងពីរឯកភាពជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ក្នុងនោះ ក្រសួងការពារជាតិស្លូវ៉ាគីទទួលនាយទាហានវៀតណាមឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាសាស្លូវ៉ាគី និងជំនាញឯកទេសដែលស្លូវ៉ាគីមានប្រៀបខ្លាំង។ ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការទទួលនាយទាហានស្លូវ៉ាគីមកសិក្សាភាសាវៀតណាម និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកបទពិសោធន៍ ការចូលរួមវគ្គបណ្តុះបណ្តាលសមស្របដែលរៀបចំដោយភាគីនីមួយៗ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ ស្រាវជ្រាវ និងស្វែងរកលទ្ធភាពសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលផ្សេងទៀតដូចជា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការបោសសម្អាតមីន ការជំនះផលវិបាកនៃសង្គ្រាម ការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប។
លោក Robert Kalinak បានសម្តែងនូវការរីករាយចំពោះលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ។ លោកបានស្នើឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ឧស្សាហកម្មការពារជាតិ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនាពេលខាងមុខ។ លោក Robert Kalinak បានយល់ព្រមចាត់បញ្ជូនអនុព័ន្ធយោធាស្លូវ៉ាគីទៅបំពេញបេសកកម្មនៅប្រទេសវៀតណាម៕
បកប្រែដោយ Thuy Anh