លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី
កប.អនឡាញ - បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅរដ្ឋគុយវ៉ែតដោយជោគជ័យ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា យន្តហោះដឹកនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Houari Boumediene Alger ដោយចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី Sifi Ghrieb។
នៅអាកាសយានដ្ឋានភ្លាមៗ លោក Sifi Ghrieb នាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការសម្រាប់លោក Pham Minh Chinh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ប្រចាំប្រទេសអាល់ហ្សេរី។
    |
 |
|
ពិធីជូនដំណើរលោកនាយករដ្ឋមន្ត្រី និងលោកជំទាវចាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែត |
* គួរឱ្យរំលឹកដែរថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់រដ្ឋគុយវ៉ែត នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីគុយវ៉ែត លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាអំពីគោលនយោបាយនៅបណ្ឌិតសភាការទូតគុយវ៉ែត។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-គុយវ៉ែត បច្ចុប្បន្នកំពុងប្រឈមមុខនឹងរបត់ការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំង ដោយក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ីអាគ្នេយ៍ និងតំបន់ឈូងសមុទ្រ ហើយក្នុងពេលជាមួយគ្នានេះ គឺជាស្ពានមិត្តភាពដ៏រឹងមាំរវាងអាស៊ី និងមជ្ឈិមបូព៌ា។
យោងតាមលោកនាយករដ្ឋមន្ត្រី ប្រទេសនីមួយៗមានផ្លូវអភិវឌ្ឍន៍រៀងៗខ្លួន ប៉ុន្តែវៀតណាម និងគុយវ៉ែត ចែករំលែកចក្ខុវិស័យរួមមួយ៖ មានតែកិច្ចសហប្រតិបត្តិការដោយស្មោះស្ម័គ្រ សមភាព ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីនៃការយោគយល់ ជឿជាក់ ការអភិវឌ្ឍរួមគ្នា និងការគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ យើងអាចបង្កើតពិភពលោកដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយគ្នា។
គូសបញ្ជាក់ពីសមិទ្ធផលរបស់ប្រទេស និងមេរៀនបទពិសោធន៍ចំនួនប្រាំដែលបានរៀនពីការអនុវត្តជាក់ស្តែង លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វៀតណាមកំពុងឈានចូលដល់យុគសម័យនៃការខិតខំអភិវឌ្ឍទៅជាប្រទេសដ៏សម្បូរបែប អរិយធម៌ វិបុលភាព និងសុភមង្គល ផ្តោតលើការអនុវត្តគោលដៅយុទ្ធសាស្ត្រពីររយៈពេល ១០០ ឆ្នាំដោយជោគជ័យ។
ទាក់ទងនឹងទំនាក់ទំនងវៀតណាម-គុយវ៉ែត លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសទាំងពីរចែករំលែកស្មារតីស្រឡាញ់សន្តិភាព បំណងប្រាថ្នាចង់អភិវឌ្ឍ ជាមិត្តស្មោះត្រង់ និងជិតស្និទ្ធ ហើយចង់សហការគ្នាយ៉ាងស្អិតរមួត អភិវឌ្ឍជាមួយគ្នាយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ វៀតណាមឱ្យតម្លៃខ្ពស់ និងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយតំបន់ឈូងសមុទ្រ ជាពិសេសមជ្ឈិមបូព៌ានិយាយរួម និងជាមួយគុយវ៉ែតនិយាយដោយឡែក។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូជាយុទ្ធសាស្ត្រវៀតណាម និងគុយវ៉ែត នឹងមានលក្ខខណ្ឌអំណោយផលជាងមុនដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ និងរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ និងពិភពលោក។
    |
 |
|
ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសគុយវ៉ែត |
* នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីគុយវ៉ែត លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានធ្វើការជាមួយរដ្ឋមន្ត្រីមួយចំនួន ថ្នាក់ដឹកនាំមូលនិធិវិនិយោគ និងធុរកិច្ចឈានមុខគេរបស់ប្រទេសគុយវ៉ែត ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-គុយវ៉ែតក្នុងវិស័យផ្សេងៗ។
* គួរឱ្យរំលឹកដែរថា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅរដ្ឋធានីគុយវ៉ែត លោកនាយករដ្ឋមន្ត្រីវៀតណាម បានទៅទស្សនាគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីគុយវ៉ែត Kuwait Sheikh Nasser Al-Mohammed Al-Jaber Al-Sabah ដែលជាអ្នកបានជំរុញ និងពូនជ្រំដល់ការអភិវឌ្ឍដ៏រឹងមាំទំនាក់ទំនងវៀតណាម-គុយវ៉ែតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
* ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសគុយវ៉ែតរបស់លោកនាយករដ្ឋមន្ត្រី និងលោកជំទាវក៏បានអញ្ជើញចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសង្គមមួយចំនួនទៀតផងដែរ៕
បកប្រែដោយ Minh Trung