វៀតណាមមានទីតាំងយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសរបស់គុយវ៉ែត

ក្នុងជំនួបនេះ ព្រះមហាក្សត្រគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah បានបញ្ជាក់ថា វៀតណាមមានទីតាំងយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសរបស់គុយវ៉ែត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រះមហាក្សត្រគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah មានបំណងចង់សហការ និងរួមដំណើរជាមួយវៀតណាម ហើយចាត់ទុកផលប្រយោជន៍របស់វៀតណាមជាផលប្រយោជន៍របស់គុយវ៉ែត ព្រមទាំងសម្តែងការជឿជាក់ថា វៀតណាមតែងតែជាមិត្តដ៏ស្មោះត្រង់ គួរឱ្យទុកចិត្ត និងកំពុងអភិវឌ្ឍយ៉ាងខ្លាំង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយព្រះមហាក្សត្រគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah (រូបថត៖ vnanet.vn)

ព្រះមហាក្សត្រគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah សង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខស្បៀងអាហារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាសម្របសម្រួលលើបញ្ហាអន្តរជាតិ  ហើយបញ្ជាក់ថា ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) គុយវ៉ែត យកចិត្ដទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង GCC ជាមួយវៀតណាម និងអាស៊ាន ដោយចាត់ទុក វៀតណាមជាច្រកទ្វារយុទ្ធសាស្ត្រមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

ព្រះមហាក្សត្រគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah​ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឯកភាពគ្នាលើទិសដៅដើម្បីជម្រុញឲ្យទំនាក់ទំនងប្រទេសទាំងពីរឡើងកម្រិតយុទ្ធសាស្ត្រ ដោយឆ្លើយតបសេចក្ដីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកសំណើវិស័យសំខាន់ៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមមានការបង្កើនទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេងនិងឧស្ម័ន និងវិនិយោគ។

លោកនាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា ព្រះមហាក្សត្រគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah នឹងដឹកនាំវិនិយោគិនគុយវ៉ែត ឱ្យបង្កើនការវិនិយោគនៅប្រទេសវៀតណាម បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម  និងគាំទ្រការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-GCC (FTA) ឱ្យបានឆាប់; ឆាប់ចរចាកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខស្បៀងអាហារ និងគម្រោងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាលនៅវៀតណាម។ ទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខ អភិវឌ្ឍឧបករណ៍ការពារជាតិ និងចូលរួមតាំងពិព័រណ៍ការពារជាតិរបស់គ្នាទៅវិញទៅមក។ ជំុរញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមនូវសន្តិសុខមិនមែនប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យផ្សេងៗ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន  ការងារ វប្បធម៌ កីឡា អប់រំ និងបណ្តុះបណ្តាល។

មេដឹកនាំទាំងពីរគាំទ្រការពង្រឹងទំនុកចិត្តនយោបាយ និងបង្កើនការសម្របសម្រួលនិងការពិគ្រោះយោបល់លើបញ្ហាក្នុងតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកផងដែរ។

សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅមានធំធេងណាស់

នៅថ្ងៃត្រង់ថ្ងៃទី ១៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយព្រះអង្គម្ចាស់រាជទាយាទគុយវ៉ែត Sheikh Sabah Khaled Al-Hamad Al-Sabah។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីវៀតណាម និងព្រះអង្គម្ចាស់រាជទាយាទគុយវ៉ែត  Sheikh Sabah Khaled Al-Hamad Al-Sabah (រូបថត៖ vnanet.vn)

ព្រះអង្គម្ចាស់រាជទាយាទគុយវ៉ែត Sheikh Sabah Khaled Al-Hamad Al-Sabah បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ព្រះអង្គម្ចាស់រាជទាយាទគុយវ៉ែត សង្កត់ធ្ងន់ថា គុយវ៉ែតមានមោទនភាពដែលជាប្រទេសដំបូងគេនៅតំបន់ឈូងសមុទ្រដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ហើយភាគីទាំងពីរសម្រេចបានសមិទ្ធផលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមក។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់  រួមទាំងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ហើយសិក្សាស្រាវជ្រាវអំពីការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់​វៀតណាមជាមួយតំបន់ឈូងសមុទ្រ និងគុយវ៉ែតជាមួយអាស៊ាន ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏សំខាន់មួយ

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅព្រះបរមរាជវាំងបាយ៉ានក្នុងរដ្ឋធានីគុយវ៉ែត លោកនាយករដ្ឋមន្ត្រីគុយវ៉ែត Sheikh Ahmad Abdullah Al-Ahmad Al-Sabah បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងជួបពិភាក្សាការងារក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសគុយវ៉ែត។

ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ លើកកម្ពស់យន្តការសហប្រតិបត្តិការដែលមានស្រាប់។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការផ្លាស់ប្តូរបទពិសោធន៍ និងការឆ្លើយតបទៅនឹងសន្តិសុខតាមអ៊ីនធឺណិតនិងសន្តិសុខមិនមែនប្រពៃណី។ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី ហើយបានឯកភាពគ្នាខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងប្រហែល ១២ ដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកនាយករដ្ឋមន្ត្រីគុយវ៉ែត Sheikh Ahmad Abdullah Al-Ahmad Al-Sabah (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីគុយវ៉ែត ស្នើភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសក្នុងពេលឆាប់ៗនេះ និងសិក្សាលើការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកសំណើលើការចរចាស្ដីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌរយៈពេលវែងលើទំនិញយុទ្ធសាស្ត្រ រួមមានអង្ករ ដើម្បីធានាសន្តិសុខស្បៀងអាហារសម្រាប់គុយវ៉ែត និងអនុវត្តគម្រោងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាលនៅក្នុងប្រទេសវៀតណាម...

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធនៅក្នុងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរក៏បានចែករំលែកនូវចក្ខុវិស័យរួមស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

នៅចុងបញ្ចប់ នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើពិធីសារធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនការទូតនិងខិតឆ្លងដែនផ្លូវការជាមួយគុយវ៉ែត និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូត ក្រសួងការបរទេសវៀតណាម និងវិទ្យាស្ថានការទូត Saud Al-Nasser Al-Sabah ក្រសួងការបរទេសគុយវ៉ែត៕

បកប្រែដោយ Pham Diep