រុស្ស៊ីជឿជាក់ថា មានឱកាសដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-អាមេរិក
នាថ្ងៃទី១៦ ខែវិច្ឆិកា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) បានឲ្យដឹងថា ឱកាសដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-អាមេរិកបានបើកចេញ ហើយភាគីទាំងពីរមានយថាទស្សន៍សម្រាប់កែលម្អកិច្ចសហប្រតិបត្តិការនៅក្នុងបរិបទបច្ចុប្បន្ន។
ស្ថានទូតរុស្ស៊ីបានធ្វើសេចក្តីប្រកាសខាងលើក្នុងឱកាសរំលឹកខួបលើកទី៩២ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក (១៦ វិច្ឆិកា ១៩៣៣ - ១៦ វិច្ឆិកា ២០២៥)។
សេចក្តីប្រកាសរបស់ស្ថានទូតរុស្ស៊ីបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទពិភពលោកពហុប៉ូលនាបច្ចុប្បន្ន ឱកាសបានបើកចេញសម្រាប់ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ ដោយផ្អែកលើគោលការណ៍នៃសមភាព ការគោរពផលប្រយោជន៍ជាតិ និងការរួមរស់ដោយសុខសន្តិភាព។ ស្ថានទូតរុស្ស៊ីក៏បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក ហើយបានកត់សម្គាល់ថា បើទោះបីជាមានការឡើងចុះនៃទំនាក់ទំនងទ្វេភាគីក៏ដោយ ប៉ុន្តែប្រទេសទាំងពីរតែងតែរកឃើញដំណោះស្រាយ និងយល់ដឹងពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការរក្សាសន្តិសុខសកល៕
តាម vovworld.vn