ចិនកែសម្រួលវិធានការរឹតបន្តឹងការនាំចេញលើអង្គភាពជាង ៣០ របស់អាមេរិក
ក្រសួងពាណិជ្ជកម្មចិននាថ្ងៃទី ៥ ខែវិច្ឆិកា បានឲ្យដឹងថា នឹងកែសម្រួលវិធានការរឹតបន្តឹងការនាំចេញសំដៅទៅលើអង្គភាពអាមេរិកមួយចំនួនចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា។ កាយវិការនេះ ត្រូវបានអនុវត្តស្របតាមកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅប្រទេសម៉ាឡេស៊ី។
មុននោះ ក្រសួងបានចេញសេចក្តីប្រកាសនៅថ្ងៃទី ៤ ខែមីនា និងថ្ងៃទី ៤ ខែមេសា ដោយបន្ថែមអង្គភាពអាមេរិកសរុបចំនួន ៣១ ទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ចិន តាមនោះ ហាមឃាត់ការនាំចេញមុខទំនិញប្រើប្រាស់បានពីរយ៉ាង (Dual-use items) ទៅកាន់អង្គភាពទាំងនេះ។
នៅក្នុងសេចក្តីប្រកាសថ្មីបំផុត ក្រសួងពាណិជ្ជកម្មចិនបានលើកច្បាស់ថា រដ្ឋាភិបាលប្រទេសនេះបានសម្រេចចិត្តចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ដកវិធានការពាក់ព័ន្ធចំពោះអង្គភាពអាមេរិកចំនួន ១៥ ដែលបានចែងក្នុងសេចក្តីប្រកាសនាថ្ងៃទី ៤ ខែមីនា។ ប្រទេសចិនក៏នឹងបន្តផ្អាកវិធានការចំពោះអង្គភាពអាមេរិកចំនួន ១៦ ដែលបានចែងក្នុងសេចក្តីប្រកាសនាថ្ងៃទី ៤ ខែមេសា រយៈពេល ១ ឆ្នាំទៀត។
ក្រសួងនេះ ក៏បានកត់សម្គាល់ថា អ្នកនាំចេញដែលចង់ដឹកជញ្ជូនទំនិញប្រើប្រាស់ពីរយ៉ាង ទៅកាន់អង្គភាពទាំងនេះ ត្រូវតែដាក់ពាក្យសុំអាជ្ញាប័ណ្ណទៅក្រសួង ស្របតាមបទប្បញ្ញត្តិរឹតបន្តឹងការនាំចេញសម្រាប់ទំនិញប្រើប្រាស់ពីរយ៉ាង។ ក្រសួងនឹងធ្វើការពិចារណា ស្របតាមច្បាប់ និងបទប្បញ្ញត្តិនាបច្ចុប្បន្ន មុនពេលផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលបំពេញតាមតម្រូវការគ្រប់គ្រាន់៕
តាម vovworld.vn