រុស្ស៊ីបញ្ជាក់ពីបញ្ហាដែលកំពុងចរចាជាមួយអ៊ុយក្រែន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov កាលពីថ្ងៃទី ២ ខែមីនា បានគូសបញ្ជាក់ពីបញ្ហាសំខាន់ៗមួយចំនួន ដែលរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែពិភាក្សា ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចចរចានោះទេ។
ដោយធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងពីខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទាក់ទងនឹងលទ្ធភាពដែលរុស្ស៊ីផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែននោះ លោក Peskov បានបញ្ជាក់ថា “ប្រាកដថា រួមជាមួយនឹងបញ្ហាផ្សេងទៀត ជាពិសេសបញ្ហាដែនដីនោះ ការធានាសន្តិសុខក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចចរចាផងដែរ”។
    |
 |
|
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov (រូបថត៖ REUTERS) |
លោក Peskov ក៏បានឲ្យដឹងបន្ថែមទៀតថា រុស្ស៊ីនៅតែបើកចំហលទ្ធភាពបន្តការចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាអ៊ុយក្រែន។ ទីក្រុងមូស្គូវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែពឹងផ្អែកលើខ្លួនឯងនិងការពារផលប្រយោជន៍ជាតិជាមុនសិន។
នៅខាងអ៊ុយក្រែនវិញ នាថ្ងៃដដែល លោកប្រធានាធិបតី Zelensky បានសម្តែងក្តីសង្ឃឹមថា ការចរចាជាមួយរុស្ស៊ីអាចនឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ ទោះបីជាមានការវិវត្តដ៏តានតឹងនៅមជ្ឈិមបូព៌ាក៏ដោយ។ លោក Zelensky បានឲ្យដឹងថា កិច្ចចរចាជុំថ្មី សំដៅដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឡើងក្នុងចន្លោះពីថ្ងៃទី ៥ និងទី ៨ ខែមីនា ហើយអាចធ្វើឡើងនៅប្រទេសទួរគី ឬស្វីស៕
តាម vovworld.vn