ព្យុះ Pedro បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅបារាំង
ប្រទេសបារាំងកំពុងជួបប្រទះនឹងរលកអាកាសធាតុអាក្រក់ថ្មីមួយ នៅពេលដែលព្យុះ Pedro បោកបក់កាត់មូលដ្ឋានជាច្រើន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ និងបង្កើនហានិភ័យនៃទឹកជំនន់លើទ្រង់ទ្រាយធំ។
យោងតាមទីភ្នាក់ងារឧតុនិយមបារាំង ទឹកភ្លៀងដែលបណ្តាលមកពីព្យុះ Pedro បានធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើង។ មុននោះ បារាំងទើបតែជួបប្រទះនឹងភ្លៀងធ្លាក់រយៈពេល ៣៥ ថ្ងៃជាប់ៗគ្នា។ បណ្តាខេត្តដែលមានកម្រិតអាសន្នខ្ពស់បំផុតរួមមាន Maine-et-Loire, Charente-Maritime, Gironde និង Lot-et-Garonne។
    |
 |
|
តំបន់លិចទឹកមួយ នៅខេត្ត Gironde ភាគខាងលិចប្រទេសបារាំង ថ្ងៃទី១៧ ខែកុម្ភៈ (រូបថត៖ REUTERS) |
នៅក្នុងខេត្ត Charente-Maritime ទឹកទន្លេ Charente បានហូរចូលតំបន់កណ្តាល ហើយបណ្តាលឲ្យលិចផ្ទះជាង ២០០០ ខ្នង។ នៅក្នុងខេត្ត Gironde គ្រួសាររាប់ពាន់គ្រួសារ ត្រូវបានបាត់បងអគ្គិសនី សេវាទូរស័ព្ទចល័តត្រូវបានរំខាននៅក្នុងតំបន់ជាច្រើន ខណៈពេលដែលខ្សែផ្លូវមួយចំនួនត្រូវបានបិទ ដោយសារតែទឹកជំនន់ ឬដើមឈើដួលរលំ។
ដោយប្រឈមមុខនឹងហានិភ័យនៃកម្រិតទឹកបន្តកើនឡើង អាជ្ញាធរទីក្រុង Bordeaux បានដាក់ពង្រាយផែនការមួយដើម្បីការពារប្រជាជន - ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៩ មក។
អាជ្ញាធរបារាំងបានណែនាំឲ្យប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យកំណត់ការធ្វើដំណើរ តាមដានព័ត៌មានយ៉ាងដិតដល់ និងអនុវត្តតាមការណែនាំរបស់កងកម្លាំងជួយសង្គ្រោះ៕
តាម vovworld.vn