បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កាហ្សាក់ស្ថាន
កប.អនឡាញ - អនុវត្តកម្មវិធីកិច្ចការបរទេសឆ្នាំ ២០២៥ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Pham Hoai Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានមានជំនួបជាមួយលោកឧត្តមសេនីយ៍ត្រី Sydykov Bakytbek Saparbekovich អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសកាហ្សាក់ស្ថាន និងលោក Rakhymzhan Yerzhanovich Isakulov អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសំណង់នៃប្រទេសកាហ្សាក់ស្ថាន។
    |
 |
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam និងលោកឧត្តមសេនីយ៍ត្រី Sydykov Bakytbek Saparbekovich អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសកាហ្សាក់ស្ថាន |
ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការវិវឌ្ឍក្នុងទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថាន ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅកាហ្សាក់ស្ថានកាលពីដើមខែឧសភា ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានចាត់ទុកថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមលើកនេះ មានគោលបំណងអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសលើការផ្លាស់ប្តូរគណៈប្រតិភូ ឧស្សាហកម្មការពារជាតិ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ដែលក្រសួងការពារជាតិរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។
ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ស្របតាមផលប្រយោជន៍របស់ប្រទេសទាំងពីរ ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពឆ្ពោះទៅការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។
នៅក្នុងជំនួបនេះដែរ តំណាងអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសាជីវកម្មឧស្សាហកម្មយោធា-ទូរគមនាគមន៍យោធា (Viettel) បានណែនាំអំពីសមត្ថភាពរបស់អង្គភាព ចំពោះភាគីមិត្ត ហើយបានឲ្យដឹងថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយកាហ្សាក់ស្ថាន ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានទៅទស្សនាមូលដ្ឋានឧស្សាហកម្មការពារជាតិមួយចំនួនរបស់ប្រទេសកាហ្សាក់ស្ថាន៕
បកប្រែដោយ Thanh Cong