កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-បារាំង
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ឧសភា នៅទីស្នាក់ការក្រសួងការពាប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក Sébastien Lecornu រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង ក្នុងឱកាសអមដំណើរ លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបានបន្តពង្រឹង និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើវិស័យជាច្រើន ស្របតាមខ្លឹមសារដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា ក្នុងនោះលេចធ្លោគឺ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ។ល។
    |
 |
លោករដ្ឋមន្ត្រី Phan Van Giang ទទួលស្វាគមន៍លោករដ្ឋមន្ត្រីកងទ័ពបារាំង Sébastien Lecornu |
លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ នាពេលខាងមុខ ដោយផ្អែកលើលិខិតសម្តែងបំណងដែលបានចុះហត្ថលេខានាព្រឹកថ្ងៃទី ២៦ ឧសភា លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឲ្យ ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅសហប្រតិបត្តិការដោយផ្អែកលើការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកម្មវិធីសហប្រតិបត្តិការប្រចាំឆ្នាំ ដោយផ្តោតលើខ្លឹមសារមួយចំនួន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការការពារជាតិ កិច្ចសហប្រតិបត្តិការក្នុងវិស័យពេទ្យយោធា ធារាសាស្ត្រ ការបណ្តុះបណ្តាល ការស្វែងរកទាហានដែលបាត់ខ្លួនក្នុងសង្គ្រាម ការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ការជួយសង្គ្រោះ កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព សន្តិសុខសមុទ្រ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខតំបន់ និងពិភពលោក ... អាស្រ័យលើនេះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក ដែលសក្តិសមជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងកងទ័ពបារាំង ដែលបានបញ្ជូនគណៈប្រតិភូ និងសហគ្រាសការពារជាតិមកចូលរួម និងតាំងបង្ហាញផលិតផលនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ រួមចំណែកដល់ជោគជ័យជារួមនៃពិព័រណ៍នេះ។
លោក Sébastien Lecornu រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង បានសម្តែងនូវសេចក្តីរីករាយក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ប្រទេសវៀតណាម។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី Phan Van Giang ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ហើយបានអះអាងថា ជំនួបរវាងរដ្ឋមន្ត្រីទាំងពីរគឺជាសញ្ញាសំខាន់ដែលបង្ហាញពីការអភិវឌ្ឍដ៏ល្អក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដោយរំលឹកឡើងវិញនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលទើបតែបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំងនោះ លោករដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមចំណែកយ៉ាងសំខាន់ និងមានអត្ថន័យចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
បកប្រែដោយ Duy Hoan