កងឆ្មាំសមុទ្រវៀតណាម - ថៃ - MECC សហការក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
កប.អនឡាញ - នាថ្ងៃទី ២៤ ខែមីនា នៅប្រទេសថៃ គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Trinh Hung អនុប្រធាននាយកដ្ឋានកិច្ចការជំនាញ និងច្បាប់បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលបញ្ជាការដែនសមុទ្រថៃ (Thai-MECC) ដឹកនាំដោយលោកវរសេនីយ៍ឯក Kitikorn Kanjanawanich អនុប្រធានការិយាល័យផែនការ និងគោលនយោបាយរបស់ថៃ-MECC។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការរវាងកងកម្លាំងទាំងពីរក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU)។ លោកវរសេនីយ៍ឯក Nguyen Trinh Hung បានសង្កត់ធ្ងន់លើគោលជំហររបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយអះអាងថា រដ្ឋាភិបាលវៀតណាម ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចវៀតណាម រួមទាំងកងឆ្មាំសមុទ្រវៀតណាម មិនការពារ ឬជួយការនេសាទ IUU ក្នុងបំណងចង់ដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC)។
លោកប្រធានគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមបានស្នើឲ្យ Thai-MECC សហការ និងចែករំលែកព័ត៌មាន បង្កើនការចែករំលែកឯកសារច្បាប់នៃករណីប្រព្រឹត្តល្មើស ដើម្បីភាគីវៀតណាមមានគោលនយោបាយ និងវិធានការបង្ការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញសកម្មភាពសហប្រតិបត្តិការតាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា រួមទាំង៖ ការបង្កើតស្ថាប័នទំនាក់ទំនងកម្រិត២ រវាងតំបន់លេខ១ និងលេខ២ Thai-MECC និងតំបន់លេខ៤ កងឆ្មាំសមុទ្រវៀតណាម; បញ្ជូននាយទាហានកងឆ្មាំសមុទ្រវៀតណាមទៅបំពេញភារកិច្ចនៅ Thai-MECC; បង្កើនការផ្លាស់ប្តូររវាងនាវានៃភាគីទាំងពីរ។
លោកវរសេនីយ៍ឯក Kitikorn Kanjanawanich បានបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាឱកាសល្អសម្រាប់ភាគីទាំងពីរពិភាក្សាលើបញ្ហាទាក់ទងនឹងកិច្ចសហការទប់ស្កាត់ការនេសាទ IUU នៅក្នុងដែនទឹកជាប់ព្រំដែននៃប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Kitikorn Kanjanawanich បានឯកភាពចំពោះខ្លឹមសារពិភាក្សាដោយភាគីទាំងពីរ ហើយសង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តខ្លឹមសារក្នុងអនុស្សរណៈនៃការយោគយល់គ្នា ព្រមទាំងភាគីថៃ-MECC បានឯកភាពលើគោលនយោបាយបញ្ជូននាយទាហានកងឆ្មាំសមុទ្រវៀតណាមទៅបំពេញភារកិច្ចនៅ Thai-MECC៕
បកប្រែដោយ Thuy Anh