នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៉ូឡូញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាតម្លើងទំនាក់ទំនងទ្វេភាគីឡើងកម្រិតយុទ្ធសាស្ត្រ។ នេះគឺជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរបន្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ទទួលជួបលោក Pawel Bejda អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ

លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចពិភាក្សារវាងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ វៀតណាម និងប៉ូឡូញ។ ទន្ទឹមនឹងនោះ លោកបានទទួលស្គាល់នូវលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០ លើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ។ល។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា នាពេលខាងមុខ ក្រសួងការពារប្រទេសវៀតណាមនឹងដឹកនាំស្ថាប័នមានសមត្ថកិច្ចបន្តអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង និងស្របតាមទំនាក់ទំនងរួមនៃប្រទេសទាំងពីរ។

រីឯលោក Pawel Bejda អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលវេលាទទួលគណៈប្រតិភូ និងបានពាំនាំការសួរសុខទុក្ខរបស់លោក Wladyslaw Kosiniak-Kamysz ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ ជូនចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang។ ជម្រាបជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang អំពីលទ្ធផលល្អនៃកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម-ប៉ូឡូញ ដែលបានប្រព្រឹត្តទៅមុននេះ លោកអនុរដ្ឋមន្ត្រី Pawel Bejda បានសម្តែងនូវជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយ ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ប៉ូឡូញ នឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ។

* នាព្រឹកថ្ងៃដដែល គណៈប្រតិភូអនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិប៉ូឡូញបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម និងប៉ូឡូញ មុនពេលកិច្ចពិភាក្សា

នៅក្នុងកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ប៉ូឡូញ ទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន ដោយឈរលើមូលដ្ឋានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី (ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១០) ជាពិសេសលើការផ្លាស់ប្តូរគណៈប្រតិភូ; ការបណ្តុះបណ្តាល; ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; កាំភ្លើងធំ; ឧស្សាហ៍កម្មការពារជាតិ។ល។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចទទួលយោធិនប៉ូឡូញ ទៅសិក្សាភាសាវៀតណាមនៅវិទ្យាស្ថានវិទ្យាសាស្ត្រយោធា និងចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនៅវិទ្យាស្ថានការពារជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរផ្តោតលើការពង្រឹងក្របខ័ណ្ឌ និងយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី; បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការយល់ដឹង  និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របតាមទំនាក់ទំនងវៀតណាម-ប៉ូឡូញទាំងមូល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ឧស្សាហកម្មការពារជាតិ; ពេទ្យយោធា; ការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង។ល។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យប៉ូឡូញបន្តគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) លើវិស័យការពារជាតិ ស្របតាមក្របខណ្ឌនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងវៀតណាម និង EU ព្រមទាំងអំពាវនាវឱ្យប៉ូឡូញគាំទ្រការដកកាតលឿងរបស់ EU លើជលផលរបស់វៀតណាមនាពេលឆាប់ៗ។

លោកអនុរដ្ឋមន្ត្រី Pawel Bejda ប្រធានគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិប៉ូឡូញ បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់ប៉ូឡូញក្នុងតំបន់អាស៊ីអាគ្នេយ៍  ហើយសម្តែងនូវបំណងរបស់ប៉ូឡូញក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច ការពារជាតិ ជាពិសេសឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកអនុរដ្ឋមន្ត្រី Pawel Bejda សង្ឃឹមថា តាមរយៈកិច្ចពិភាក្សានេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនឹងបន្តត្រូវបានលើកកម្ពស់បន្ថែមទៀត ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែងដល់ភាគីទាំងពីរ៕

បកប្រែដោយ Huyen Trang