កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៥
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែមិនា នៅទីក្រុង Luang Prabang ប្រទេសឡាវ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ឡាវលើកទី ៥ បានប្រព្រឹត្តទៅ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានធ្វើជាសហប្រធាននៃកិច្ចសន្ទនានេះ។
នៅកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់តំបន់ និងយន្តការដែលដឹកនាំដោយអាស៊ាន ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។
ចំពោះបញ្ហាសមុទ្រខាងកើត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា គោលជំហរឥតងាករេរបស់វៀតណាមគឺភាគីពាក់ព័ន្ធត្រូវគោរពតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុលោមតាមសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៥ |
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ដោយផ្អែកលើកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៤ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីត្រូវបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាព សម្រេចបានលទ្ធផលលេចធ្លោជាច្រើនលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ចែករំលែកបទពិសោធន៍ ការផ្លាស់ប្តូរ និងរក្សាប្រសិទ្ធភាពនៃយន្តការសន្ទនា ពិគ្រោះយោបល់ ការបណ្តុះបណ្តាល ការបង្វឹកបង្ហាត់ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការការពារព្រំដែន ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជួយគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគីអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ដែលរៀបចំដោយកងទ័ពរបស់ប្រទេសនីមួយៗ...
នាពេលខាងមុខ ដោយផ្អែកលើឯកសារដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសំខាន់ៗមួយចំនួន៖ ជំនួប ការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់លំដាប់ថ្នាក់ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ កិច្ចសន្ទនា ការអប់រំនិងការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការការពារព្រំដែន ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជួយគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគីអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នានាដែលរៀបចំដោយភាគីនីមួយៗ...
នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៥។
*នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានដឹកនាំគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានយោធា ខេត្ត Luang Prabang៕
បកប្រែដោយ Thuy Anh