ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-អាស៊ែបៃហ្សង់
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៥ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាជាមួយលោក Vugar Mustafayev រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិអាស៊ែបៃហ្សង់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលទំនាក់ទំនងនេះត្រូវបានពូនជ្រំ និងអភិវឌ្ឍ ដោយលោកប្រធានហូជីមិញ លោក Heydar Aliyev អតីតប្រធានាធិបតី និងថ្នាក់ដឹកនាំ ប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ហើយបានក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (នៅខែឧសភា ឆ្នាំ ២០២៥)។ ប្រជាជន និងកងទ័ពប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលប្រជាជនអាស៊ែបៃហ្សង់បានផ្តល់ជូនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការបង្រួបបង្រួម និងការកសាងប្រទេសជាតិ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Vugar Mustafayev រដ្ឋមន្ត្រី |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អាស៊ែបៃហ្សង់ ត្រូវបានអនុវត្តស្របតាមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ ក៏ដូចជាឯកសារ និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខា និងសម្រេចបានលទ្ធផលលេចធ្លោក្នុងវិស័យជាច្រើន។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ដោយឈរលើឯកសារ និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ភាគីទាំងពីរគប្បីផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិ ការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យនេះ ស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ គាំទ្រ និងសម្របសម្រួលចូលរួមក្នុងការតាំងពិព័រណ៍ឧស្សាហកម្មការពារជាតិដែលរៀបចំដោយភាគីនីមួយៗ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មយោធា ការស្រាវជ្រាវផលិតកម្ម ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ល។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Vugar Mustafayev រដ្ឋមន្ត្រី ទស្សនាការតាំងពិព័រណ៍រូបថតស្តីពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា នៅឆ្នាំ២០២៦ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី៣។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្មការពារជាតិអាស៊ែបៃហ្សង់ រួមជាមួយសហគ្រាសការពារជាតិអាស៊ែបៃហ្សង់ ឲ្យអញ្ជើញមកចូលរួម និងទស្សនាការតាំងបង្ហាញផលិផលក្នុងពិព័រណ៍នេះ។
រីឯលោក Vugar Mustafayev រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងប្រទេសទាំងពីរ។ លោក Vugar Mustafayev រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការប្រវត្តិសាស្ត្រយូរអង្វែងរវាងវៀតណាម និងអាស៊ែបៃហ្សង់ក្នុងវិស័យជាច្រើនដូចជា៖ សេដ្ឋកិច្ច ថាមពល ពាណិជ្ជកម្ម បច្ចេកវិទ្យា ជាពិសេសកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិ។
លោក Vugar Mustafayev រដ្ឋមន្ត្រី បានបញ្ជាក់ថា នាពេលខាងមុខ អាស៊ែបៃហ្សង់ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលបានឯកភាពគ្នា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ដោយផ្អែកលើផលប្រយោជន៍ និងតម្រូវការរបស់ភាគីនីមួយៗ។ អាស្រ័យលើនេះរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែអភិវឌ្ឍ និងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលអនាគត៕
បកប្រែដោយ Huyen Trang