លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានធ្វើជាអធិបតីក្នុងពិធីនេះ។

មានប្រសាសន៍នៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងអំឡុងសង្គ្រាមរំដោះជាតិ និងបង្រួបបង្រួមជាតិ វៀតណាមតែងតែទទួលបានការគាំទ្រ និងជំនួយដោយស្មោះស្ម័គ្រ និងស្មោះត្រង់ពីប្រទេសជាបងប្អូន និងមិត្តភក្តិអន្តរជាតិ ជាពិសេសសហភាពសូវៀត ចិន គុយបា ឡាវ និងកម្ពុជា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា “ជ័យជម្នះរបស់វៀតណាមក្នុងសង្គ្រាមតស៊ូមិនត្រឹមតែជាចំណុចកំពូលនៃស្នេហាជាតិដ៏ខ្លាំងក្លា ភាពខ្លួនទីពឹងខ្លួន និងស្មារតីប្រយុទ្ធដ៏រឹងមាំរបស់ប្រជាជាតិទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលនៃការគាំទ្រ និងជំនួយដ៏អស្ចារ្យ បរិសុទ្ធ និងស្មោះត្រង់ពីប្រទេសសង្គមនិយមជាបងប្អូន និងមិត្តភក្តិអន្តរជាតិជឿនលឿនទៀតផង”។

leftcenterrightdel
ប្រតិភូធ្វើពិធីកាត់ខ្សែបូរដើម្បីសម្ពោធតំបន់និមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងការតបស្នងសងគុណអន្តរជាតិ

ក្រោមកាលៈទេសៈប្រវត្តិសាស្ត្រផ្សេងៗ និងក្នុងទម្រង់ផ្សេងៗគ្នា ការគាំទ្រផ្នែកសម្ភារៈ និងស្មារតីដ៏មានតម្លៃ ចាប់ពីឧបករណ៍ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលកម្មាភិបាល និងអ្នកជំនាញ រហូតដល់ការគាំទ្រផ្នែកនយោបាយ និងការទូត រួមជាមួយនឹងការលះបង់ឈាម និងជីវិតពីមិត្តភក្តិនៅក្នុងប្រទេសដទៃទៀត បានក្លាយជានិមិត្តរូបនៃចំណងសាមគ្គីភាពអន្តរជាតិដ៏រឹងមាំ និងពោរពេញទៅដោយមនោសញ្ចេតនា។ ដោយឈរលើមូលដ្ឋាននោះ បក្ស និងរដ្ឋវៀតណាមបានដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ឱ្យសាងសង់តំបន់និមិត្តរូបនេះ ដែលមានរូបសំណាកចំនួនប្រាំ ដើម្បីរំលឹកដល់ការចូលរួមចំណែកដ៏ធំធេងចំពោះបដិវត្តន៍វៀតណាម ពីសហភាពសូវៀត ចិន គុយបា ឡាវ និងកម្ពុជា។ មកទល់បច្ចុប្បន្ននេះ បន្ទាប់ពីការសាងសង់ជាងប្រាំខែ គម្រោងទាំងមូលត្រូវបានបញ្ចប់តាមកាលវិភាគ ដោយធានាបាននូវគុណភាព សោភ័ណភាព និងតម្លៃសិល្បៈ ព្រមទាំងបង្ហាញយ៉ាងពេញលេញនូវសារនៃចំណងសាមគ្គីភាពអន្តរជាតិ មិត្តភាព និងការតបស្នងសងគុណអន្តរជាតិ។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកសរសើរ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័ន និងអង្គភាពនានាក្នុង និងក្រៅកងទ័ព ភ្នាក់ងារការទូតនៃបណ្តាប្រទេស កិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញសិល្បៈ ជាងចម្លាក់ សិប្បករ វិស្វករ កម្មាភិបាល យុទ្ធជន និងកងកម្លាំងដែលបានចូលរួមដោយផ្ទាល់ក្នុងការសាងសង់គម្រោងនេះ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

ដោយត្រូវបានសម្ពោធក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាសង្គ្រាមតស៊ូទូទាំងប្រទេស (ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៤៦ / ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥) ខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥) និងខួបលើកទី ៣៦ នៃទិវាការពារជាតិទូទាំងប្រទេស (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥) គម្រោងតំបន់និមិត្តភាព គឺជាការបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅពីប្រទេសវៀតណាមចំពោះបណ្តាប្រទេសជាមិត្ត ហើយក៏ជាការរំលឹកដល់មនុស្សជំនាន់ក្រោយអំពីការទទួលខុសត្រូវរបស់ពួកគេក្នុងការបន្តថែរក្សា ពូនជ្រំ និងលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿងនៅក្នុងប្រទេសនីមួយៗ តំបន់ និងពិភពលោក។

វិមាននេះមិនត្រឹមតែមានសារៈសំខាន់ខាងវប្បធម៌ ប្រវត្តិសាស្ត្រ និងនយោបាយប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសារច្បាស់លាស់ និងឥតងាករេថា៖ វៀតណាមតែងតែឱ្យតម្លៃអតីតកាល ស្មោះត្រង់ និងថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា ចាប់ពីតំបន់នេះ ស្មារតីនៃចំណងសាមគ្គីភាពអន្តរជាតិនឹងបន្តរីករាលដាល ក្លាយជាប្រភពនៃការបំផុសគំនិត លើកកម្ពស់ការទទួលខុសត្រូវ និងសេចក្តីប្រាថ្នាសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត រួមចំណែកដល់ការពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយប្រទេសដទៃទៀត និងមិត្តភក្តិអន្តរជាតិ»។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសង្កត់ធ្ងន់ថា សហភាពសូវៀតគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាមក្នុងឆ្នាំ ១៩៥០ និងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវៀតណាមក្នុងអំឡុងសង្គ្រាមតស៊ូ។ លោក Bezdetko ឯកអគ្គរដ្ឋទូតបានសម្តែងនូវការដឹងគុណចំពោះវៀតណាមសម្រាប់ការរក្សាការចងចាំអំពីប្រវត្តិសាស្ត្ររួមរវាងប្រទេសទាំងពីរ ដោយបញ្ជាក់ថា នេះបង្ហាញពីចំណងមិត្តភាពដ៏ស្មោះត្រង់ និងកម្រិតខ្ពស់នៃការជឿទុកចិត្តខាងនយោបាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

ក្នុងពិធីនេះ លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម បានចែករំលែកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-គុយបា ត្រូវបានបង្កើតឡើងនៅក្នុងភ្លើងសង្គ្រាម។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ចំណងមិត្តភាពដ៏ស្មោះត្រង់ និងសាមគ្គីភាពប្រកបដោយនិរន្តរភាព វៀតណាម-គុយបា ត្រូវបានពូនជ្រំដោយបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ហើយត្រូវបានពង្រឹង និងអភិវឌ្ឍដោយឥតឈប់ឈរលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពនៅលើពិភពលោក។

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត បានចែករំលែកថា៖ «ពិធីសម្ពោធតំបន់និមិត្តរូបនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម - ជាកន្លែងដែលរក្សាការចងចាំពីវីរភាពនៃការប្រយុទ្ធរបស់ប្រជាជនវៀតណាមដ៏អង់អាចក្លាហាន និងថ្លៃថ្នូរ - គឺជាការបង្ហាញពីការតបស្នងសងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនអន្តរជាតិ ដើម្បីឯករាជ្យភាពរបស់វៀតណាម រួមទាំងអ្នកស្ម័គ្រចិត្តគុយបាដែលបានប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនវៀតណាមក្នុងសង្គ្រាមជាប្រវត្តិសាស្ត្រនេះ។ល។ តាងនាមបក្សកុម្មុយនិស្ត រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនគុយបា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមចំពោះគម្រោងដ៏មានអត្ថន័យនេះ»។

រួមជាមួយតំណាងស្ថានទូតចិន និងឡាវ លោកស្រី ជា គឹមថា ឯកអគ្គរដ្ឋទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ចំពោះការសាងសង់តំបន់និមិត្តរូប ដោយហេតុនេះជួយយុវជនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់អំពីអំណាចនៃសាមគ្គីភាព និងរួមចំណែកពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងបណ្តាប្រទេសជាមិត្ត៕

បកប្រែដោយ Huyen Trang