កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឡាវ អភិវឌ្ឍប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព
កប.អនឡាញ - នារសៀលថ្ងៃទី២៥ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ទោ Phayvanh Chanthaphomma ប្រធានការិយាល័យក្រសួងការពារជាតិឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឡាវ ក្នុងរយៈពេលកន្លងមក បន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការងារការិយាល័យ ព្រមទាំងទទួលស្គាល់ និងលើកសរសើរចំពោះការសម្របសម្រួលរវាងការិយាល័យក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការផ្តល់យោបល់ និងសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច អនុវត្តភារកិច្ចដែលបានប្រគល់ឲ្យក្នុងរយៈពេលកន្លងមក ដែលជាស្ពានដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានវាយតម្លៃខ្ពស់ចំពោះការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នទាំងពីរលើបញ្ហាវិជ្ជាជីវៈ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ប្រគល់វត្ថុអនុស្សាវរីយ៍ដល់លោកឧត្តមសេនីយ៍ទោ Phayvanh Chanthaphomma |
លោកឧត្តមសេនីយ៍ទោ Phayvanh Chanthaphomma បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ចំពោះការគាំទ្រ និងជំនួយយ៉ាងធំធេងជូនចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ។ លោកឧត្តមសេនីយ៍ទោ Phayvanh Chanthaphomma បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Le Huy Vinh អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Nguyen Viet Tuyen ប្រធានការិយាល័យក្រសួងការពារប្រទេសវៀតណាម។ លោកបានអះអាងថា ស្ថាប័នទាំងពីរនឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ជាពិសេសការផ្តល់យោបល់ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការអនុវត្តផែនការសហប្រតិបត្តិការ ឆ្នាំ២០២៦។ លោកបានសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងការបង្កើតលក្ខខណ្ឌអំណោយផលពីថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលខាងមុខ។
ដោយផ្អែកលើខ្លឹមសារដែលបានព្រមព្រៀងគ្នាដោយការិយាល័យក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើថា នាពេលខាងមុខ ស្ថាប័នទាំងពីរនឹងបន្តស្រាវជ្រាវ និងផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ការចែករំលែកបទពិសោធន៍ ការលើកកម្ពស់គុណភាពការងារការិយាល័យ ការកែទម្រង់រដ្ឋបាល និងការស្រាវជ្រាវដ៏ទូលំទូលាយ ការបង្កើនប្រសិទ្ធភាពនៃការងារផ្តល់យោបល់ និងសំណើទៅកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដំណាក់កាលឆ្នាំ ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម-ឡាវ ប្រកបដោយប្រសិទ្ធភាព។ ពង្រឹងការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូ ការគាំទ្រ និងជួយគ្នាទៅវិញទៅមក។ល។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ៕
បកប្រែដោយ Huyen Trang