វៀតណាម និងឡាវ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែនគោកក្នុងស្ថានភាពថ្មី
កប.អនឡាញ - ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣៤ រវាងគណៈប្រតិភូព្រំដែនវៀតណាម-ឡាវ។
គណៈប្រតិភូព្រំដែនរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស។ គណៈប្រតិភូព្រំដែនរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោក Maithong Thammavongsa អនុរដ្ឋមន្ត្រីក្រសួងការបរទេស។
    |
 |
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃអំពីស្ថានភាពគ្រប់គ្រងព្រំដែនក្នុងឆ្នាំ ២០២៥ ដោយលើកឡើងដំណោះស្រាយជាក់ស្តែង ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែនក្នុងស្ថានភាពថ្មី។ ក្នុងឆ្នាំ ២០២៤-២០២៥ ក្រុមអ្នកជំនាញចម្រុះព្រំដែនវៀតណាម-ឡាវ បានធ្វើការស្រាវជ្រាវភាពជាក់ស្តែងចំនួន ១០ ដង ដោយដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងតំបន់ព្រំដែនដោយទាន់ពេលវេលា។ ភាគីទាំងពីរបានសម្របសម្រួលគ្នាពង្រឹងវិធានការប្រតិបត្តិការ ដោយរកឃើញ និងប្រយុទ្ធប្រឆាំងនឹងអង្គការ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយវៀតណាម និងឡាវ។ល។
ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយ និងឯកភាពគ្នាលើទស្សនៈរួមដ៏សំខាន់អំពីទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៦ ក្នុងវិស័យការងារជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាចាប់ផ្តើមការងារត្រៀមរៀបចំដើម្បីធានាប្រសិទ្ធភាពនៃការត្រួតពិនិត្យចម្រុះបន្ទាត់ព្រំដែន និងបង្គោលព្រំដែន ស្របតាមពិធីសារស្តីពីបន្ទាត់ព្រំដែន និងបង្គោលព្រំដែនដែលបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៦ និងកិច្ចព្រមព្រៀងឆ្នាំ ២០១៦ និងបន្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ដើម្បីឱ្យសមស្របនឹងស្ថានភាពថ្មី។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣៥ នៅវៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦៕
បកប្រែដោយ Huyen Trang