កងទ័ពការពារព្រំដែន Nghe An ជួបពិភាក្សាជាមួយបញ្ជាការដ្ឋានយោធានៃខេត្តចំនួន ៣ របស់ឡាវ
កប.អនឡាញ - នៅថ្ងៃទី ២៦ ខែធ្នូ នៅខេត្ត Bolikhamsai (ឡាវ) គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An (វៀតណាម) និងបញ្ជាការដ្ឋានយោធានៃខេត្ត Bolikhamsai ខេត្ត Xieng Khouang ខេត្ត Hua Phan បានជួបពិភាក្សាអំពីការការពារព្រំដែន។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរ និងវាយតម្លៃស្ថានភាពពិភពលោក តំបន់ និងតំបន់ព្រំដែន។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៥ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការឃោសនាឲ្យប្រជាជនអនុវត្តតាមច្បាប់ស្ដីពីព្រំដែនវៀតណាម-ឡាវ ការធ្វើយាមល្បាតទ្វេភាគី ការគ្រប់គ្រង ការការពារខ្សែព្រំដែន និងបង្គោលព្រំដែនជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសការជួញដូរគ្រឿងញៀន និងអន្តោប្រវេសន៍ខុសច្បាប់។ អង្គភាពនានានៃភាគីទាំងពីរក៏បានរៀបចំការយាមល្បាតទ្វេភាគី កិច្ចប្រជុំ និងការផ្លាស់ប្តូរព័ត៌មានជាច្រើន ហើយដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនយ៉ាងឆាប់រហ័ស។
    |
 |
|
ប្រធានគណៈប្រតិភូនៃភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា |
ទន្ទឹមនឹងនោះ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An និងប៉ុស្តិ៍ការពារព្រំដែននានា បានជួយគាំទ្រយ៉ាងសកម្មដល់បញ្ជាការដ្ឋានយោធាឡាវ និងអង្គភាពការពារព្រំដែននានារបស់ឡាវ តាមរយៈសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ការផ្តល់អំណោយក្នុងឱកាសពិធីបុណ្យ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនិងការពារព្រំដែន ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី "ជួយកុមារទៅសាលារៀន - កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន" សម្រាប់សិស្សានុសិស្សនៅក្នុងខេត្តនានារបស់ប្រទេសឡាវ។ល។
ក្នុងស្មារតីនៃសាមគ្គីភាព និងមិត្តភាពពិសេសរវាងវៀតណាម និងឡាវ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដោយឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន រក្សាកិច្ចពិភាក្សាប្រចាំឆ្នាំ បង្កើនប្រសិទ្ធភាពនៃការយាមល្បាតទ្វេភាគី សហការទប់ស្កាត់ការជួញដូរខុសច្បាប់ សហការនិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ និងគ្រប់គ្រងជំងឺ។ល។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍រវាងស្ថាប័នសេនាធិការ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាដែលកំពុងកើតឡើងយ៉ាងឆាប់រហ័ស ដោយរួមចំណែកដល់ការកសាងព្រំដែនវៀតណាម-ឡាវ ប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh