វៀតណាម-ជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់នៅសមុទ្រ
កប.អនឡាញ - នាថ្ងៃទី ១៩ មិនា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម បានទទួលជួប លោក Ishikawa Isamu ឯកអគ្គរដ្ឋទូតរងជប៉ុនប្រចាំនៅវៀតណាម។
    |
 |
លោកឧត្តមសេនីយ៍ទោ Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម ទទួលជួប លោក Ishikawa Isamu ឯកអគ្គរដ្ឋទូតរងជប៉ុនប្រចាំនៅវៀតណាម |
ក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Le Quang Dao បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់នៅសមុទ្ររវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រជប៉ុន នាពេលថ្មីៗនេះ សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។ ភាគីទាំងពីរបានអនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយអត្ថន័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការរៀបចំវគ្គបណ្តុះបណ្តាល ការបញ្ជូននាវាទៅទស្សនកិច្ច ការផ្លាស់ប្តូរ សហការធ្វើសមយុទ្ធនៅសមុទ្រ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី... កងឆ្មាំសមុទ្រវៀតណាមក៏បានជួបប្រជុំ ធ្វើការ និងផ្លាស់ប្តូរជាប្រចាំជាមួយស្ថានទូតជប៉ុន និងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់នៅសមុទ្រ។
ទាក់ទិននឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ទោ Le Quang Dao បានស្នើថា ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តគម្រោង “ពង្រឹងសមត្ថភាពធានាសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រវៀតណាម” សាងសង់នាវាល្បាតចំនួន ៦ គ្រឿងសម្រាប់កងឆ្មាំសមុទ្រវៀតណាម ដោយប្រើប្រាស់កម្ចី ODA របស់ជប៉ុន។ លើសពីនេះ កងឆ្មាំសមុទ្រវៀតណាមក៏បានស្នើឱ្យបន្តគម្រោង “បណ្តុះបណ្តាល និងបង្វឹកបង្ហាត់ លើកកំពស់សមត្ថភាពកងឆ្មាំសមុទ្រវៀតណាមក្នុងការអនុវត្តច្បាប់ រក្សាសន្តិសុខ និងសុវត្ថិភាពសមុទ្រ” រយៈពេល ៣ ឆ្នាំទៀត។ គម្រោងនេះគ្រោងនឹងផុតកំណត់នៅឆ្នាំ២០២៦។
លោកឯកអគ្គរដ្ឋទូតរង Ishikawa Isamu បានអះអាងថា ជប៉ុននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាមនិយាយរួម និងកងឆ្មាំសមុទ្រវៀតណាម និយាយដោយឡែក ដើម្បីបញ្ចប់យ៉ាងឆាប់រហ័សនូវគម្រោងដែលកំពុងដំណើរការ និងដាក់ពង្រាយគម្រោងថ្មីៗ ជាពិសេសគម្រោងអប់រំ បណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់កងកម្លាំងអនុវត្តច្បាប់នៅសមុទ្រ៕
បកប្រែដោយ Duy Hoan