នាវាលេខ២៨៦ - Le Quy Don ចេញដំណើរទៅទស្សនកិច្ច និងជួបប្រាស្រ័យទំនាក់ទំនងនៅប្រទេសចិន និងហ្វីលីពីន
កប.អនឡាញ - នាព្រឹកថ្ងៃទី ៥ ខែឧសភា នាវាក្ដោងលេខ២៨៦ - Le Quy Don (វិទ្យាស្ថានកងទ័ពជើងទឹក) និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងវិទ្យាស្ថានកងទ័ពជើងទឹក បានចាកចេញពីទីក្រុង Nha Trang (ខេត្ត Khanh Hoa វៀតណាម) ទៅទស្សនកិច្ច និងជួបប្រាស្រ័យទំនាក់ទំនងជាមួយកងទ័ពជើងទឹកចិន និងហ្វីលីពីន និងហ្វឹកហាត់នៅសមុទ្រសម្រាប់កម្មាភិបាល គ្រូបង្រៀន និងសិក្ខាកាម។
ដំណើរទស្សនកិច្ចនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយកងទ័ពជើងទឹកចិន និងហ្វីលីពីន ហើយអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន។
    |
 |
ថ្នាក់ដឹកនាំវិទ្យាស្ថានកងទ័ពជើងទឹកថតរូបជាមួយនឹងសមាជិកក្រុមបេសកកម្មនាវាក្ដោងលេខ២៨៦ - Le Quy Don |
យោងតាមគម្រោង ក្រុមបេសកកម្មនៃនាវាក្ដោងលេខ២៨៦ - Le Quy Don នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃកងទ័ពជើងទឹកយុទ្ធភូមិភាគខាងត្បូង (កងទ័ពរំដោះប្រជាជនចិន) និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន ទទួលនាយទាហាននិងនាវិកនៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរទៅទស្សនានាវារបស់វៀតណាម រៀបចំពិធីជប់លៀងនៅលើនាវា ការប្រកួតកីឡាជាមួយកងកម្លាំងជើងទឹកនៃប្រទេសទាំងពីរ ទៅទស្សនាកេរិ៍្តដំណែលប្រវត្តិសាស្ត្រមួយចំនួនដែលទាក់ទងនឹងបដិវត្តន៍វៀតណាម និងកន្លែងវប្បធម៌ ប្រវត្តិសាស្ត្រនៅទីក្រុងក្វាងចូវ (ប្រទេសចិន)។
ក្នុងដំណើរទៅបំពេញបេសកកម្មកិច្ចការបរទេស នាវាក្ដោងលេខ២៨៦ - Le Quy Don នឹងហ្វឹកហាត់នៅសមុទ្រសម្រាប់សិក្ខាកាមដែលកំពុងសិក្សានៅឆ្នាំចុងក្រោយ (វគ្គទី ៦៦) ដើម្បីបង្កើនសមត្ថភាពរៀបចំ បញ្ជា និងសហការ ប្រើប្រាស់ឧបករណ៍នៅលើនាវា ជំនាញក្នុងការដោះស្រាយស្ថានការណ៍នៅលើដែនទឹកអន្តរជាតិ។
តាមគម្រោង នាវាក្ដោងលេខ២៨៦ - Le Quy Don នឹងមកដល់កំពង់ផែ ក្វាងចូវ (ប្រទេសចិន) នៅថ្ងៃទី ១២ ខែឧសភា៕
បកប្រែដោយ Thanh Cong