លិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផ្ញើជូនកងកម្លាំងចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា
កប.អនឡាញ - តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ក្រសួងការពារប្រទេសវៀតណាមបានចាត់បញ្ជូនកងកម្លាំងចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (ថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៤៥ / ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២៥) នៅសហព័ន្ធរុស្ស៊ី។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានផ្ញើលិខិតជូនកម្មាភិបាល យុទ្ធជន នៃគណៈប្រតិភូនៃកងទ័ពប្រជាជនវៀតណាម ដែលកំពុងហ្វឹកហាត់នៅទីក្រុង Moscow (សហព័ន្ធរុស្ស៊ី)។ កាសែតកងទ័ពប្រជាជន សូមផ្សាយខ្លឹមសារទាំងស្រុងនៃលិខិតនេះដូចខាងក្រោម៖
សូមគោរពជូនចំពោះកម្មាភិបាល យុទ្ធជន នៃកងទ័ពប្រជាជនវៀតណាមដែលចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមានៅសហព័ន្ធរុស្ស៊ី។
សមមិត្តទាំងឡាយជាទីមេត្រី!
តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី និងដោយមានការឯកភាពពីការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស ក្រសួងការពារប្រទេសបានសម្រេចចិត្តចាត់បញ្ជូនយោធិនចំនួន ៨៦ នាក់ ដែលជានាយទាហាន យោធិនជំនាញ សិក្ខាកាម នៃសាលានាយទាហានកងទ័ពជើងគោកលេខ១ និងស្ថាប័ន អង្គភាពនានា ដែលតំណាងឲ្យកម្មាភិបាល យុទ្ធជន នៃកងទ័ពប្រជាជនវៀតណាមចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ / ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥) នៅសហព័ន្ធរុស្ស៊ី។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម |
នេះគឺជាឱកាសដើម្បីយើងសម្តែងការដឹងគុណចំពោះការរួមវីភាគទាន និងការលះបង់ដ៏ធំធេងរបស់យុទ្ធជនបដិវត្តន៍ក្នុងសង្គ្រាមការពារជាតិដ៏មហិមារបស់ប្រជាជនសូវៀត និងកងកម្លាំងសម្ព័ន្ធមិត្តប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីស រួមទាំងយុទ្ធជនបដិវត្តន៍វៀតណាមផងដែរ។ ទន្ទឹមនឹងនោះ អះអាងនូវគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋវៀតណាម និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។
ទោះបីជាត្រូវបានអនុវត្តក្នុងពេលវេលាដ៏ខ្លី រួមទាំពភាពខុសគ្នាអំពីល្បឿន និងចង្វាក់ក៏ដោយ ក៏ជាមួយនឹងកិត្តិយស និងមោទនភាពដ៏ខ្ពង់ខ្ពស់ សមមិត្តទាំងឡាយបានយល់ជ្រួតជ្រាបអំពីភារកិច្ច មានការតាំងចិត្តខ្ពស់ ជំនះរាល់ការលំបាក ខិតខំប្រឹងប្រែងហ្វឹកហាត់ រៀបចំធ្វើដំណើរទៅកាន់សហព័ន្ធរុស្ស៊ីដោយធានាសុវត្ថិភាពជាដាច់ខាត សម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុយ៉ាងឆាប់រហ័ស ដើម្បីបន្តការហ្វឹកហាត់ ត្រៀមចូលរួមពិធីព្យុហយាត្រាដោយស្មារតីខ្ពស់បំផុត។
តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ខ្ញុំទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមមិត្តទាំងឡាយ។ នាប៉ុន្មនាថ្ងៃខាងមុខគឺជាពេលវេលាមានអត្ថន័យសម្រេចលើលទ្ធផលនៃការអនុវត្តភារកិច្ច។ ខ្ញុំសង្ឃឹមថា សមមិត្តទាំងឡាយនឹងលើកតម្កើងស្មារតីនៃទិវាជ័យជំនះ ៣០ មេសា ១៩៧៥ របស់ប្រជាជនវៀតណាម ដោយរួបរួម សម្របសម្រួល បង្កើតសមិទ្ធិផលរួម បំពេញភារកិច្ចយ៉ាងល្អ ប្រែក្លាយការតាំងចិត្តទៅជាការបោះជំហានយ៉ាងត្រឹមត្រូវ ស្អាត រឹងមាំ វីរភាព នៅលើទីលានក្រហម រដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី រួមចំណែកបំភ្លឺរូបភាពរបស់ប្រទេស ប្រជាជន និងកម្លាំងខ្លាំងក្លារបស់កងទ័ពប្រជាជនវៀតណាម សក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកម្មាភិបាល និងយុទ្ធជន នៃកងទ័ពទាំងមូល។
ជូនពរសមមិត្តទាំងឡាយមានសុខភាពល្អ សុភមង្គល សុវត្ថិភាព និងទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ Phan Van Giang
បកប្រែដោយ Duy Hoan