លោកវរសេនីយ៍ឯក Nguyen Viet Anh បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាលេខ ១៨  អនុវត្តតាមគោលការណ៍ និងគោលនយោបាយរបស់បក្ស រដ្ឋ និងការបញ្ជាណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពី​ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ បង្ហាញពីកម្លាំងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម និងសមត្ថភាព​ចូលរួមសកម្មភាពពហុភាគីនៅដែនសមុទ្រផ្សេងៗគ្នានៅជុំវិញពិភពលោក រួមចំណែកលើកកម្ពស់ការសហការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែនសមុទ្ររួម បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសនានា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ដំណើរទស្សនកិច្ចនេះក៏តបតាមការអញ្ជើញ និងការគាំទ្ររបស់កងទ័ពនិងកងទ័ពជើងទឹកអូស្ត្រាលីនាពេលថ្មីៗនេះ ដែលរួមចំណែកដល់ការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ស្របតាមក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ​២០២៤។

leftcenterrightdel
នាវាលេខ ១៨ មុនពេលចាកចេញពីកំពង់ផែកងពលតូចលេខ ១៧១ ទៅចូលរួមលំហាត់សមយុទ្ធ Kakadu ឆ្នាំ ២០២៤ នៅប្រទេស​អូស្ត្រាលី

លោកវរសេនីយ៍ឯក Nguyen Viet Anh បានសង្កត់ធ្ងន់ថា “នាវាលេខ ១៨ មិនចូលរួមសកម្មភាពកលយុទ្ធក្នុងលំហាត់សមយុទ្ធ Kakadu លើកនេះ”។ ទន្ទឹមនឹងនោះ កម្មាភិបាល និងយុទ្ធជននៅលើនាវាលេខ ១៨ ក៏ហ្វឹកហ្វឺនតាមសមុទ្រ  លើកកម្ពស់លទ្ធភាពរៀបចំ និងការសហការគ្នា ការត្រៀមប្រយុទ្ធនិងការប្រើប្រាស់អាវុធ និងឧបករណ៍បច្ចេកទេសរបស់កងទ័ពក្នុងលក្ខខណ្ឌ ប្រតិបត្តិការរយៈពេលវែងនៅសមុទ្រ; ដកបទពិសោធន៍និងរៀបចំព្រឹត្តិការណ៍អន្តរជាតិ។

រហូតមកដល់ពេលនេះ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការរៀបចំលំហាត់សមយុទ្ធ Kakadu ឆ្នាំ ២០២៤ មានប្រទេសចំនួន ២៣ បានចុះឈ្មោះចូលរួម ក្នុងនោះ មាននាវាចំនួន ១៦ គ្រឿង និងយន្តហោះចំនួន ៥ គ្រឿង។ លោកវរសេនីយ៍ឯក Nguyen Viet Anh ឲ្យដឹងថា “យើងចូលរួមសកម្មភាពដូចជា ព័ត៌មានទាក់ទង ចល័តក្រុមនាវា  ផ្គត់ផ្គង់នៅសមុទ្រ ស្វែងរកនិងជួយសង្គ្រោះ…”។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលីប្រចាំវៀតណាម បានចាត់ទុកថា នេះពិតជាជំហានអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអូស្ត្រាលីនិង​វៀតណាម។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានឈានចូលដល់ឆ្នាំទី ២៥ ហើយមកដល់ពេលនេះ នាយទាហានវៀតណាមជាង ៤,០០០ នាក់ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលី។ “ខ្ញុំគិតថា អ្នកទាំងនេះជានាយទាហានដែលមានគុណភាពខ្ពស់។ ពួកគេបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យនៅពេលហ្វឹកហ្វឺនក្នុងប្រទេសអូស្ត្រាលី ក៏ដូចជាពេលត្រឡប់មកធ្វើការនៅប្រទេសវៀតណាមវិញដែរ។ ដូច្នេះហើយ យើងមានមោទនភាពណាស់ដែល​បានឃើញអតីតសិក្ខាកាមទាំងនោះមានការរីកចម្រើន និងរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

លោកវរសេនីយ៍ឯក Jansen ឲ្យដឹងថា ដំបូងឡើយ កម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ផ្តោតតែលើការបណ្តុះបណ្តាលភាសាអង់គ្លេស។ រហូតមកដល់បច្ចុប្បន្ន ក៏មានវិស័យសហប្រតិបត្តិការថ្មីៗជាច្រើនដែរ។ “យើងកំពុងមានសកម្មភាពជាក់ស្តែងនិងសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងរវាងភាគីទាំងពីរ ព្រមទាំងបង្កើនការយល់ដឹង និងការសិក្សាគ្នាទៅវិញទៅមកក្នុងដំណើរការអនុវត្ដ។  ខ្ញុំគិតថា អ្វីៗទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងពិតជាពេញចិត្ដចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត"។

លោកវរសេនីយ៍ឯក Jansen ឲ្យដឹងថា "នេះជាលើកដំបូង ដែលយើងទទួលស្វាគមន៍នាវាទ័ពជើងទឹកវៀតណាមនៅអូស្ត្រាលី។ ដូច្នេះហើយ នេះជាព្រឹត្តិការណ៍ធំសម្រាប់ភាគីទាំងពីរ។ សម្រាប់ភាគីវៀតណាម នេះគឺជាដំណើរទៅកាន់តំបន់ថ្មី ដែលជាផ្នែកមួយនៃពិភពលោកជាមួយនឹងនីតិវិធីថ្មី។ សម្រាប់ប្រទេសអូស្ត្រាលី នេះជាឱកាសមួយដើម្បីរៀនសូត្រ និងបៀបដែលយើងធ្វើការជាមួយភាគីវៀតណាម ដើម្បីធានាថា យើងអាចធ្វើការជាមួយនាវារបស់វៀតណាម និងសហការប្រកបដោយប្រសិទ្ធភាព។ ដូច្នេះខ្ញុំគិតថា វាជាសមិទ្ធផលដ៏សំខាន់មួយ"។

Kakadu គឺជាលំហាត់សមយុទ្ធខ្នាតធំ ។ យោងតាមផែនការ សមយុទ្ធ Kakadu ឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៩ ខែកញ្ញា រួមទាំងដំណាក់កាលនៃលំហាត់នៅកំពង់ផែ និងនៅតាមសមុទ្រ។ លោកវរសេនីយ៍ឯក Jansen បានបញ្ជាក់ថា “យើងពិតជាទន្ទឹងរង់ចាំស្វាគមន៍នាវារបស់កងទ័ពជើងទឹកប្រជាជនវៀតណាមទៅកាន់ Darwin ប្រទេសអូស្ត្រាលី ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ”៕

បកប្រែដោយ Pham Diep