លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានវាយតម្លៃថា ក្នុងឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ វៀតណាម និងឡាវ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលល្អ។

លោក Hoang Xuan Chien សង្ឃឹមថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវនឹងបន្តយកចិត្តទុកដាក់ និងដឹកនាំស្ថាប័ន អង្គភាពនានារបស់ក្រសួងការពារជាតិឡាវ រួមជាមួយក្រសួងការពារប្រទេសវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៣ ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅខែធ្នូ ឆ្នាំ២០២២; ផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស ការជួបប្រាស្រ័យការពារជាតិព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសម្តែងការគួរសមលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath

លោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវមានសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម មកបំពេញទស្សនកិច្ចការងារនៅឡាវ ដោយហេតុនោះ រួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ; ទន្ទឹមនឹងនោះ ក៏ជាឱកាសសម្រាប់ភាគីទាំងពីរបន្តផ្លាស់ប្តូរទិសដៅអនុវត្តទស្សនៈរួមដែលបានឯកភាពដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក។

លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានសង្កត់ធ្ងន់ថា  ស្របពេលពិភពលោក និងក្នុងតំបន់វិវឌ្ឍដ៏ស្មុគស្មាញ ក្រសួងការពារជាតិនៃប្រទេសទាំងពីរគប្បីពង្រឹងការអប់រំ និងផ្សព្វផ្សាយដល់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យមានការយល់ដឹងស៊ីជម្រៅអំពីទំនាក់ទំនងសាមគ្គីភាពពិសេស "តែមួយគត់" នៅលើពិភពលោក។ ក្រសួងការពារជាតិឡាវនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដែលបានព្រមព្រៀងគ្នា សក្តិសមជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ៕

បកប្រែដោយ Huyen Trang