ក្រោយនៃជោគជ័យនីមួយៗគឺសុទ្ធតែជាញើស ជាការខិតខំ និងការលះបង់ដោយស្ងៀមស្ងាត់ដែលរាប់មិនអស់ទេ។ មេដាយប្រាក់ក្នុងលើកទី ២ ចូលរួម  Army Games របស់ក្រុមប្រកួត រថក្រោះ កាលពីឆ្នាំមុនក៏មិនមែនជាករណីដាច់ដោយឡែកទេ។ ចំពោះ លោកអនុសេនីយ៍ឯកបំរុង Phan Anh Tuan នៃកងឯកភាពទ័ពរថក្រោះ រថពាសដែក   បានចែករំលែកថា "គ្រាដែលត្រូវបានជ្រើសរើសចូលក្រុមប្រកួតនោះ គឺខ្លួនឯងបានកំណត់យ៉ាងច្បាស់ថា ត្រូវតែហ្វឹកហាត់ក្នុងកម្រិតខ្ពស់ជាងការប្រកួតជាក់ស្តែង ហើយត្រូវតែឃ្លាតពីគ្រួសាររហូតដល់កន្លះឆ្នាំទៀតផង។

leftcenterrightdel
ក្រុមប្រកួត រថក្រោះត្រៀមរៀបចំឲ្យ Army Games 2020

 

ប្រសិនបើមិនមានវត្តមាននៅទីលានហ្វឹកហាត់ដោយផ្ទាល់ក្រោមកម្តៅថ្ងៃនៃភាគខាងជើងប្រទេសវៀតណាមនោះទេ យើងពិតជាពិបាកក្នុងការយល់ដឹងយ៉ាងពេញលេញពីការខិតខំប្រឹងប្រែងរបស់បណ្តាក្រុមប្រកួតនៃកងទ័ពប្រជាជនវៀតណាម ក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ Army Games 2020។

ប៉ុន្តែ អាកាសធាតុមិនមែនជាឧបសគ្គតែមួយគត់ទេ។ ការលំបាកវាក៏មកពីលក្ខខណ្ឌនៃទីលានហ្វឹកហាត់ គ្រឿងសព្វាវុធ សម្ភារៈបរិក្ខារបច្ចេកទេសសម្រាប់ការហ្វឹកហ្វឺន គឺខុសគ្នាឆ្ងាយពីការប្រកួតជាក់ស្តែង។ ការលំបាកចម្បងបង្អស់ចំពោះក្រុមរថក្រោះនោះពោលគឺប្រភេទរថក្រោះដែលនឹងត្រូវប្រើប្រាស់ក្នុង Army Games 2020 គឺរថក្រោះ T-72B3 ដែលមិនមាននៅក្នុងក្របខ័ណ្ឌរបស់កងទ័ពប្រជាជនវៀតណាម ទេ។ ប៉ុន្តែគូប្រជែងជាច្រើនដែលចូលរួម Army Games 2020 មានសមត្ថភាពប្រើប្រាស់ T-72B3 យ៉ាងស្ទាត់ ដោយសារតែពួកគេបានបំពាក់រថក្រោះ T-72B3 ក្នុងក្របខ័ណ្ឌកងទ័ពរបស់ខ្លួន។ លើសពីនេះទៀត វាក៏មានឧបគ្គជាច្រើនទៀតដែលតម្រូវឲ្យក្រុមប្រកួតត្រូវតែខិតខំប្រឹងប្រែងជំនះទាល់តែបានដែរ។ ដើម្បីយកជំនះឲ្យបានការលំបាកទាំងននោះ គ្មានវិធីណាមួយក្រៅពីការយកឈ្នះលើខ្លួនឯង ការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដូចពាក្យប្រៀនប្រដៅរបស់ អ៊ំ ហូ គឺ៖ “គ្មានអ្វីពិបាក ប្រសិនបើចេះតស៊ូអត់ធ្មត់ / ជីកភ្នំ និងលុបសមុទ្រអាចធ្វើបានទាល់តែមានឆន្ទៈប្តេជ្ញាចិត្ត"។ ដូច្នោះ មេបញ្ជាការនៃក្រុមរថក្រោះតែងតែមានការត្រួតពិនិត្យលើរាល់ខ្លឹមសារនៃការហ្វឹកហាត់ស្របតាមវិញ្ញាសានៃការប្រកួតដើម្បីការប្រកួតអាចទទួលបានលទ្ធផលល្អបំផុត។

ជាធម្មតា ឲ្យតែនិយាយដល់កងទ័ពរថក្រោះនោះ យើងតែងតែនឹកឃើញពីបទចម្រៀងដ៏ល្បី និងពេញនិយមគឺបទ “បងប្អូនទាំង ៥ នាក់លើរថក្រោះមួយគ្រឿង” យើងអាចចាត់ទុកថា នេះជានិមិត្តរូបដ៏ភ្លឺចិញ្ចាចនៃឆន្ទៈក្នុងការប្តេជ្ញាប្រយុទ្ធ និងប្តេជ្ញាយកឈ្នះ និងក៏ជានិមិត្តរូបនៃស្មារតីសាគ្គីភាព និងឯកភាពនៃកងទ័ពរថក្រោះ រថពាសដែកផងដែរ។ សូម្បីតែសព្វថ្ងៃនេះដោយមានរថក្រោះទំនើបជាងពីមុនដែលមិនចាំបាច់តម្រូវឲ្យក្រុមរថក្រោះមួយត្រូវតែមានដល់ ៥ នាក់ក្តី តែប្រពៃណីនៃ “បងប្អូន ៥ នាក់…” នៅតែគង់នៅក្នុងអារម្មណ៍យើងជារៀងរហូត។ ការចូលរួម Army Games ក៏ទាមទារឲ្យមានស្មារតីដូចនេះផងដែរ ដូច្នេះនៅក្នុងដំណើរការហ្វឹកហាត់ ប្រសិនបើមានបញ្ហាប្រឈមណាមួយកើតឡើងនោះ យើងខ្ញុំតែងតែរួមគ្នាដោះស្រាយឱ្យបានឆាប់បំផុតដើម្បីធានាបានថា សមាជិកក្រុមរថក្រោះត្រូវតែយល់ជ្រាបពីគ្នាដើម្បីមានការសហការឲ្យបានល្អបំផុត និងជួយពង្រឹងសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀត។ រហូតមកទល់បច្ចុប្បន្ននេះក្រុមប្រកួតរថក្រោះអាចបញ្ជាក់បានថា យើងខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត Army Games 2020 ហើយ៕

បកប្រែដោយ Minh Trung