វៀតណាមជានិមិត្តរូបនៃសន្តិភាព ការផ្លាស់ប្ដូរថ្មី និងការតភ្ជាប់
កប.អនឡាញ - ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមនៅទីក្រុង Tel Aviv ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា) លោក Yossi Beilin អតីតរដ្ឋមន្ត្រីយុត្តិធម៌អ៊ីស្រាអែល បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមនៅទីក្រុង Tel Aviv ដោយវាយតម្លៃខ្ពស់ចំពោះតួនាទី និងសក្តានុពលរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
លោក Beilin ដែលជាអ្នកមានតួនាទីសំខាន់ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីស្រាអែលនៅឆ្នាំ១៩៩៣ ក្នុងឋានៈជារដ្ឋលេខាធិការក្រសួងការបរទេសអ៊ីស្រាអែលនៅពេលនោះ បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះដំណើរការអភិវឌ្ឍន៍របស់វៀតណាម។ លោក Beilin បានចែករំលែកថា “សម្រាប់ជំនាន់របស់ខ្ញុំ វៀតណាមគឺជានិមិត្តរូបនៃប្រជាជាតិតូចមួយ ប៉ុន្តែមានភាពធន់ ឈ្នះសង្គ្រាម។ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយ វៀតណាមសព្វថ្ងៃនេះគឺជាគោលដៅដ៏ទាក់ទាញមួយ ជាប្រទេសមានសន្តិភាព និងផ្លាស់ប្ដូរថ្មី”។
លោកអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីស្រាអែល បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យបច្ចេកវិទ្យា និងទំនើបកម្ម ដោយចាត់ទុកថា វៀតណាមកំពុងទាញយកប្រយោជន៍ពីភាពជា "អ្នកមកក្រោយ" ជាពិសេសលើវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI)។ លោកក៏បានសង្កត់ធ្ងន់ដែរថា ភាពឧស្សាហ៍ព្យាយាម និងស្វាហាប់របស់ប្រជាជនវៀតណាម គឺជាកត្តាសំខាន់មួយដែលរួមចំណែកដល់ជោគជ័យ។
    |
 |
លោក Yossi Beilin អតីតរដ្ឋមន្ត្រីយុត្តិធម៌អ៊ីស្រាអែល (រូបថត៖ vnanet.vn) |
ដោយវាយតម្លៃចំពោះគោលនយោបាយផ្លាស់ប្ដូរថ្មីរបស់វៀតណាមតាំងពីឆ្នាំ១៩៨៦ លោក Beilin បានចាត់ទុកថា វៀតណាមមិនត្រឹមតែទទួលបានជោគជ័យក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយទៅជាអ្នកសម្រុះសម្រួលអន្តរជាតិទៀតផង។
លោកបានសម្តែងនូវការចាប់អារម្មណ៍ថា៖ “ចំណុចគួរឲ្យចាប់អារម្មណ៍មួយគឺ វៀតណាមមិនត្រឹមតែពេញចិត្តនឹងជោគជ័យក្នុងវិស័យសេដ្ឋកិច្ច ឬទេសចរណ៍ប៉ុណ្ណោះទេ។ វៀតណាមបានជ្រើសរើសតួនាទីជាអន្តរការី អ្នកសម្របសម្រួល ដើម្បីជួយតភ្ជាប់ប្រទេសនានា។ វៀតណាមមានសមត្ថភាព និងវប្បធម៌សមស្របដើម្បីក្លាយទៅជាស្ពានរវាងបណ្ដាប្រទេស និងរវាងបណ្ដាភាគីប្រឆាំង។ នោះគឺជាតួនាទីដ៏មានតម្លៃក្នុងបរិបទនៃពិភពលោកដែលកំពុងតែបែងចែកគ្នា”។
លោកបានបន្តថា៖ “វៀតណាមនៅតែជាកន្លែងដែលមនុស្សមកពីខឿនវប្បធម៌ និងមានផលប្រយោជន៍ផ្សេងៗគ្នាអាចជួបជុំ និងសន្ទនាដោយមានការជួយពីភាគីវៀតណាម។ សព្វថ្ងៃនេះ ពេលនិយាយអំពីវៀតណាម មនុស្សទាំងឡាយបានគិតដល់កន្លែងសម្រាប់ចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង”។ ពីបទពិសោធន៍ជាច្រើនឆ្នាំដែលចូលរួមក្នុងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា លោក Beilin ជឿជាក់ថា វៀតណាមអាចចែករំលែកមេរៀនដ៏មានតម្លៃថា ការយោគយល់គ្នាទៅវិញទៅមកគឺជាគន្លឹះសម្រាប់ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោក Beilin បានវាយតម្លៃថា ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-អ៊ីស្រាអែលកំពុងអភិវឌ្ឍជាវិជ្ជមាន ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅឆ្នាំ២០២៣។ លោកបានវាយតម្លៃថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើន ដែលអាចកើនឡើង ១០ ដងនៃតម្លៃនាបច្ចុប្បន្ន ហើយសម្រេចបានរាប់សិបពាន់លានដុល្លារ ប្រសិនបើសន្ទុះកំណើននេះនៅតែរក្សាបាន ជាពិសេសលើវិស័យបច្ចេកវិទ្យា សុខាភិបាល និងកសិកម្មបច្ចេកវិទ្យាខ្ពស់។
ដោយផ្ញើសារអបអរសាទរចំពោះវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ លោក Beilin បានសង្កត់ធ្ងន់ថា “វាគឺជាអព្ភូតហេតុ។ ពីប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម វៀតណាមបានក្លាយជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ។ ខ្ញុំសង្ឃឹមថា វៀតណាមនឹងបន្តបើកទ្វារយ៉ាងទូលាយបន្ថែមទៀតដើម្បីពង្រីកសក្តានុពលរបស់ខ្លួន”៕
បកប្រែដោយ Thuy Anh